
ចិន៖ ក្រុមហ៊ុនផលិតឱសថ Sinovacបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់គ្រាអាសន្នវ៉ាក់សាំងបង្ការជំងឺ COVID-19របស់ខ្លួន សម្រាប់កុមារអាយុតិចរហូតដល់ ៣ឆ្នាំ ជាហេតុធ្វើឲ្យពួកគេក្លាយជាប្រទេសដំបូងគេអនុញ្ញាតឲ្យចាក់វ៉ាក់សាំងលើកុមារក្មេងៗ។
ចាប់តាំងការរីករាលដាលឆ្លងជំងឺ COVID-19ផ្ទុះដំបូងនៅភាគកណ្តាលប្រទេសចិន ទីក្រុងប៉េកាំង អាចគ្រប់គ្រងបានសម្រេច ការរីករាលដាលឆ្លងវីរុសដ៏កាចសាហាវមួយនេះ ហើយនិងបានចាក់វ៉ាក់សាំងជាង ៧៧៧លានដូស ដល់ពលរដ្ឋរបស់ខ្លួន ក្រោយការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ។
អ្នកនាំពាក្យក្រុមហ៊ុន Sinovac បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា វ៉ាក់សាំងត្រូវបានអនុម័តរួចហើយសម្រាប់ការប្រើប្រាស់លើកុមារ។
អ្នកនាំពាក្យរូបនោះ និយាយថា កាលពីរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ វ៉ាក់សាំងក្រុមហ៊ុន Sinovac ត្រូវបានអនុម័តឲ្យប្រើប្រាស់លើមនុស្សជំទង់ដែលមានវ័យ ១៧ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ពីពេលវេលាដែលក្មេងអាយុ ៣ឆ្នាំ អាចចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនោះទេ ដោយលោកគ្រាន់តែនិយាយថា កាលបរិច្ឆេតសម្រាប់ការចាក់វ៉ាក់សាំង នឹងត្រូវសម្រេចដោយគណៈកម្មការសុខភាពជាតិ ពោលគឺផ្អែកលើតម្រូវការការពារ និងគ្រប់គ្រងការរីករាលដាលឆ្លងវីរុសបច្ចុប្បន្នរបស់ចិន ហើយនិងការផ្គត់ផ្គង់វ៉ាក់សាំង។
អ្នកនាំពាក្យរូបនោះ បាននិយាយថា ក្រុមហ៊ុនរបស់លោក បានបញ្ចប់ការសាកល្បងដំណាក់កាលដំបូង លើវ៉ាក់សាំងសម្រាប់កុមារ និងក្មេងជំទង់ ក្នុងនោះលទ្ធផល ត្រូវបានចុះផ្សាយភ្លាមៗនៅលើកាសែតវិទ្យាសាស្ត្រ Lancet ៕
