
រដ្ឋាភិបាលសេរីរបស់ប្រទេសកាណាដា បានរក្សាគោលដៅអន្តោប្រវេសន៍មិនផ្លាស់ប្តូរសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ហើយបាននិយាយថា ប្រទេសនេះនឹងបញ្ឈប់ការបង្កើនអន្តោប្រវេសន៍ចាប់ពីឆ្នាំ២០២៦ តទៅ ដោយសារខ្លួនជួបនឹងបញ្ហាអតិផរណាខ្ពស់ និងវិបត្តិលំនៅឋាន។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Marc Miller បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងអូតាវ៉ា ថា ប្រទេសកាណាដា កំពុងកំណត់គោលដៅប្រជាជនថ្មីចំនួន ៤៦៥.០០០នាក់ នៅឆ្នាំនេះ ហើយចំនួន ៤៨៥.០០០នាក់ នៅឆ្នាំ២០២៤ មុនពេលឈានដល់ចំនួន ៥០០.០០០នាក់ នៅឆ្នាំ២០២៥ ដោយជាកម្រិតមួយដែលប្រទេសនេះមានបំណងរក្សាទុកនៅឆ្នាំ២០២៦ ខាងមុខ។
ធនាគាររ៉ូយ៉ាល់របស់ប្រទេសកាណាដា បាននិយាយថា ខណៈពេលដែលការផ្អាកក្នុងកម្រិតគោលដៅនៃអន្តោប្រវេសន៍ គឺជារឿងសមស្រប ដោយសារបញ្ហាប្រឈមផ្នែកលំនៅឋាន និងលុបបំបាត់ការគាំទ្រសាធារណៈ ប្រទេសកាណាដា ក៏នឹងត្រូវការជនអន្តោប្រវេសន៍ក្នុងរយៈពេលវែងផងដែរ។
ចំនួនប្រជាជនរបស់ប្រទេសកាណាដា បានកើនឡើងជាចម្បងតាមរយៈអន្តោប្រវេសន៍ ហើយកំណើនប្រជាជនបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
អ្នកសេដ្ឋកិច្ចមួយចំនួនបានស្តីបន្ទោសការធ្វើអន្តោប្រវេសន៍ ថាជាមូលហេតុចំពោះការធ្វើឱ្យបញ្ហាកង្វះលំនៅឋានរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ ទោះបីជាជនអន្តោប្រវេសន៍មួយចំនួន ធ្វើការនៅក្នុងឧស្សាហកម្មដូចជាសំណង់ ដែលកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មក៏ដោយ៕