
ប្រជាជននៅទីក្រុងញូវដេលី មិនទាន់បានគេចផុតពីស្រទាប់អ័ព្ទកង្វក់ដ៏ក្រាស់នៅឡើយទេ នាថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នេះ ខណៈដែលសាលារៀនមួយចំនួន ត្រូវបានណែនាំឲ្យបិទរយៈពេល ២ថ្ងៃ ដោយសារតែសន្ទស្សន៍គុណភាពខ្យល់ (AQI) បានធ្លាក់ចូលទៅក្នុងសភាពកាន់តែ «ធ្ងន់ធ្ងរឡើងៗ» នៅផ្នែកជាច្រើននៃរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ។
ជារៀងរាល់រដូវរងា សំណុំផ្សែងអ័ព្ទកង្វក់ ហោះអណ្ដែតត្រសែតនៅពាសពេញលើទីក្រុងញូវដេលី ខណៈភាពត្រជាក់ ខ្យល់អក្រក់ធ្ងន់ធ្ងរ ដែលមានពីល្អងធូលីសំណង់ ការបំភាយពីរថយន្ត និងផ្សែងពីការដុតគល់ជញ្ជ្រាំង នៅរដ្ឋក្បែរៗនោះ បាននាំឲ្យមានកើនឡើងនូវជំងឺផ្លូវដង្ហើម ក្នុងចំណោមប្រជាជន ២០លាននាក់របស់ទីក្រុងនេះ។
អ្នកស្រុក នៅថ្ងៃសុក្រនេះ បានត្អូញត្អែរពីអាការរលាកភ្នែក និងរមាស់បំពង់ក ដោយខ្យល់បានប្រែទៅជាពណ៌ប្រផេះក្រាស់ ខណៈដែល សន្ទស្សន៍គុណភាពខ្យល់ (AQI) មានកម្រិតជិត ៤៨០ នៅស្ថានីយត្រួតពិនិត្យមួយចំនួន ក្នុងទីក្រុង។ សន្ទស្សន៍គុណភាពខ្យល់ (AQI) កម្រិតពី ០ ទៅ ៥០ ត្រូវបានចាត់ទុកថា ល្អ ខណៈដែលមានកម្រិតចន្លោះពី ៤០០ ទៅ ៥០០ ប៉ះពាល់ដល់មនុស្សសុខភាពល្អ និងបង្កគ្រោះថ្នាក់ដល់អ្នកដែលមានជំងឺស្រាប់។
ក្រុងញូវដែលី បានជាប់ចំណាត់ថ្នាក់លើគេ ក្នុងបញ្ជីពេលវេលាជាក់ស្តែងនៅថ្ងៃសុក្រនេះ ក្នុងចំណោមទីក្រុងមានការបង្កកង្វក់ខ្លាំងបំផុតរបស់ពិភពលោក ដែលចងក្រងដោយក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ស្វីស ដែលបានដាក់សន្ទស្សន៍គុណភាពខ្យល់ (AQI) របស់រដ្ឋធានីនៃប្រទេសឥណ្ឌា នៅកម្រិត ៦១១ ពោលគឺស្ថិតក្នុងប្រភេទ «បង្កគ្រោះថ្នាក់»៕