
ក្រុមអ្នកព្យាករណ៍អាកាសធាតុរដ្ឋ នៅថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) បាននិយាយថា សីតុណ្ហភាពនៅភាគខាងជើងប្រទេសចិន ត្រៀមនឹងចុះត្រជាក់ដល់ ២០អង្សាសេ បន្ទាប់ពីមានស្ថានភាពដូចទៅនឹងរដូវក្តៅ នៅថ្ងៃចុងក្រោយនៃរដូវស្លឹកឈើជ្រុះ ដោយបន្លាយនិន្នាការនៃការប្រែប្រួលចុះឡើងមិនប្រក្រតីរយៈពេល ១ឆ្នាំ សម្រាប់អាកាសធាតុរបស់ប្រទេសនេះ។
រដ្ឋបាលឧតុនិយមជាតិ (CMA) បានឲ្យដឹងថា ចរន្តខ្យល់ត្រជាក់ ដែលកំពុងបក់ចូលមកប្រទេសចិន នៅថ្ងៃសៅរ៍ ពីភាគពាយ័ព្យ នឹងរួមជាមួយចរន្តខ្យល់មួយផ្សេងទៀត ដែលបានបក់មកដល់រួចហើយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) ក្នុងការធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
ស្ថានភាពអាកាសធាតុ នៅក្នុងទីក្រុងតូចៗ វាលខ្សាច់ និងទីវាលនៃតំបន់ Inner Mongolia ភាគខាងជើងអាចចុះត្រជាក់ដល់ ១០អង្សាសេ នៅថ្ងៃសុក្រ និង ១០អង្សាសេទៀត នៅថ្ងៃសៅរ៍។ ជាមួយគ្នានេះ ព្យុះព្រិល អាចកើតមាននៅតំបន់ Xinjiang នាភាគពាយ័ព្យដ៏ក្ដៅហែងរបស់ប្រទេសចិន។
បើយោងតាម CMA បានឲ្យដឹងថា ចាប់ពីសប្តាហ៍ក្រោយនេះទៅ គេរំពឹងថា តំបន់ភាគឦសានភាគច្រើនបំផុត នឹងមានសីតុណ្ហភាពអតិបរិមាប្រចាំថ្ងៃធ្លាក់ចុះដល់មួយខ្ទង់ ឬក៏អាចធ្លាក់ក្រោមកម្រិតត្រជាក់បន្ថែមទៀត ដោយសារចរន្តខ្យល់ត្រជាក់ ផ្លាស់ទីទៅទិសខាងកើត និងខាងត្បូង ដែលនេះជាការដូរភ្លាមៗមួយរំពេចពី «ការឡើងក្ដៅខ្លាំង» នាពេលថ្មីៗនេះ៕