
គណៈប្រតិភូមកពីបណ្ដាប្រទេស និងតំបន់ចំនួន២៩ បានបញ្ចប់កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបញ្ញាសិប្បនិមិត្ត (AI) ជាសកលលើកដំបូង កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិចិ្ឆកា)។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានធ្វើជាម្ចាស់ផ្ទះការប្រជុំនេះ នៅមជ្ឈមណ្ឌល Bletchley Park ក្នុងប្រទេសអង់គ្លេស ជាកន្លែងដែលអ្នកវិទ្យាសាស្ត្រកុំព្យូទ័រពីមុន បានបំបែកកូដ អំឡុងសម័យសង្គ្រាមលោកលើកទី២។
ក្នុងការជួបជុំនេះ ក៏មានវត្តមានរបស់បណ្ដាអ្នកដឹកនាំអាជីវកម្មផងដែរ។ បណ្ដាមេដឹកនាំទាំងនោះ បានពិភាក្សាអំពីរបៀបទប់ស្កាត់គ្រោះថ្នាក់ ដែលបង្កឡើងដោយ AI ដល់សន្តិសុខអ៊ីនធឺណិត និងបច្ចេកវិទ្យាជីវសាស្រ្ត ក៏ដូចជារបៀប ដែលអាច «ផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាតិ»។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានអញ្ជើញប្រទេសចិនឲ្យចូលរួមកិច្ចប្រជុំនេះ ជាការសម្រេចចិត្ត ដែលលោក Sunak បាននិយាយថា មិនមែនជាការងាយស្រួលនោះឡើយ។ លោកបានប្រាប់ថា មនុស្សជាច្រើនបានរិះគន់លោក ប៉ុន្តែលោកគិតថា ការសន្ទនាដ៏ប្រាកដប្រជាណាមួយអំពីសុវត្ថិភាព AI «ត្រូវតែមានការចូលរួមពីបណ្ដាប្រទេសឈានមុខគេផ្នែក AI នេះ»។
ហើយជាមួយគ្នានេះ លោក Sunak បានបញ្ជាក់ថា សមិទ្ធិផលមួយ ក្នុងចំណោមសមិទ្ធិផលជោគជ័យនានានៃកិច្ចប្រជុំកំពូលនេះ គឺថា ប្រទេសចិនបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពី «ការទទួលខុសត្រូវរួមគ្នា» ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត៕