
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសថា ប្រជាពលរដ្ឋចំនួន ៣០នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ មានពលករខ្មែរចំនួន ១៥នាក់ផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើពលករខ្មែរ ១៥នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
ចំណែកឯករណីឆ្លងថ្មីចំនួន ១៥នាក់ទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញលើពលរដ្ឋចំនួន ០៩នាក់នៅស្រុកកំរៀង ស្រុកសំពៅលូន ០៤នាក់ ស្រុកបវេល ០១នាក់ និងពលរដ្ឋម្នាក់មកពីខេត្តប៉ៃលិន។
រដ្ឋបាលខេត្តនេះ ក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៥នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយ កើនឡើងដល់ចំនួន ១៦២នាក់ហើយ។
គិតត្រឹមថ្ងៃនេះ ប្រជាពលរដ្ឋសរុប ៤៤៣នាក់ហើយត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់បានស្លាប់ ហើយអ្នកជំងឺចំនួន ២៧៩នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្តនៅឡើយ៕