
បណ្ដាសកម្មជនដែលមានទំនាក់ទំនងជាមួយអង្គការនានា ក្នុងនោះរួមទាំងមូលនិធិ ដើម្បីសិទ្ធិមនុស្ស និងសេរីភាព និងជំនួយមនុស្សធម៌ ឬ IHH ផងដែរ គ្រោងនឹងប្រកាសពីការដង្ហែក្បួនបាតុកម្មពីទីក្រុងជាច្រើននៃប្រទេសទួរគីទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik ក្នុងទីក្រុង Adana នៅថ្ងៃទី ៣-៥ ខែវិច្ឆិកា។
គោលបំណងនៃការប្រមូលផ្ដុំនេះ គឺដើម្បីថ្កោលទោសដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែល និងបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។ មូលដ្ឋានទ័ពអាកាសនេះ ជាកន្លែងស្នាក់នៅរបស់បុគ្គលិកយោធាទួរគី និងអាមេរិក ព្រមទាំងជនស៊ីវិល និងអ្នកម៉ៅការរបស់ក្រសួងការពារជាតិអាមេរិកមួយចំនួន។
អ្នករៀបចំការប្រមូលផ្ដុំនេះ កំពុងអំពាវនាវឲ្យអ្នកចូលរួម «ឡោមព័ទ្ធ» មូលដ្ឋាននេះ នៅពេលមកដល់ ហើយនៅមិនទាន់ច្បាស់ទេថា តើការធ្វើបាតុកម្មនេះ អាចនឹងមានរយៈពេលយូរប៉ុនណា ឬចំនួនមនុស្សប៉ុន្មាននាក់ អាចនឹងចូលរួម។
ជាមួយគ្នានេះ ការពង្រឹងសន្តិសុខ និងការរំខានដល់ការដឹកជញ្ជូន ទំនងជាអាចមាននៅតាមបណ្តោយផ្លូវ ដែលប្រើប្រាស់ដោយក្បួនដង្ហែ និងក្បែរមូលដ្ឋានទ័ពអាកាស Incirlik នៅថ្ងៃកំណត់នៃការប្រមូលផ្តុំនេះ។ ហើយលើសពីនោះទៀត ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងមន្ត្រីអនុវត្តច្បាប់ ប្រហែលជាចៀសមិនរួចនោះឡើយ៕