
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរុញច្រានរបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្កហ្សា បានឡោមព័ទ្ធទីក្រុងហ្កាហ្សាប្រកបដោយប្រសិទ្ធភាព និងដាច់ដោយឡែកពីភាគខាងជើងតំបន់ហ្កាហ្សាពីតំបន់ដែលនៅសល់នៃដែនដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធនេះ។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលនៃកិច្ចការមនុស្សធម៌(OCHA) បាននិយាយថា៖«ទីក្រុងហ្កាហ្សានិងតំបន់ហ្កាហ្សាភាគខាងជើង ត្រូវបានកាត់ផ្តាច់យ៉ាធំពីផ្នែកដែលនៅសល់ ជាលទ្ធផលនៃប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល និងការប៉ះទង្គិចពាក់ព័ន្ធជាមួយក្រុមប្រដាប់អាវុធ ប៉ាឡេស្ទីន។ «នេះមានន័យថា ការផ្តល់ជំនួយមនុស្សធម៌ពីភាគខាងត្បូងដល់ជនភៀសខ្លួនខាងក្នុងប្រហែល ៣០០.០០០នាក់នៅភាគខាងជើង បានបញ្ឈប់ហើយ»។
លោកឧត្តមសេនីយ៍ Herzi Halevi នាយសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«សម្រាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ ទាហានរបស់IDF បាននិងកំពុងប្រតិបត្តិការ នៅទីក្រុងហ្កាហ្សា ហើយកំពុងឡោមព័ទ្ធវាពីទិសដៅជាច្រើន ដោយបង្កើនការចូលរបស់យើង ក៏ដូចជាសមិទ្ធផលរបស់យើង»។
«ទាហានកំពុងប្រយុទ្ធនៅក្នុងទីក្រុង មានមនុស្សកកកុញ និងស្មុគស្មាញ ដែលត្រូវការការប្រយុទ្ធប្រកបដោយវិជ្ជាជីវៈ និងក្លាហាន។ កងកម្លាំងជើងគោក ត្រូវបានគាំទ្រដោយស៊ើបការណ៍ច្បាស់លាស់ ដោយមានការគាំទ្រពីអាកាស និងសមុទ្រ។ ភាពជាដៃគូនេះ គឺជាអាថ៌កំបាំងរបស់យើង។ វាបង្កើនសមិទ្ធិផលរបស់យើង និងធ្វើឲ្យការប្រយុទ្ធកាន់តែមានប្រសិទ្ធភាព»។