
អ្នកពន្លត់អគ្គិភ័យមកពីអង្គភាពសង្គ្រោះបន្ទាន់យោធាអេស្ប៉ាញ (UME) បានប្រយុទ្ធជាមួយនឹងចំហេះព្រៃ នៅតំបន់ Valenica ភាគខាងកើត នៅថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នេះ បន្ទាប់ពីអណ្ដាតភ្លើង បានឆាបឆេះ និងរាលដាលយ៉ាងលឿនពេញមួយយប់ ដោយសារមានខ្យល់បក់ខ្លាំង។
អាជ្ញាធរបានជម្លៀសមនុស្សយ៉ាងហោចណាស់ ៨០០នាក់ នៅជុំវិញទីក្រុងឆ្នេរ Gandia ខណៈតំបន់នេះ និងតំបន់ដ៏ធំនៃផ្នែកខាងកើតរបស់ឧបទ្វីប Iberian មានការប្រុងប្រយ័ត្នខ្ពស់ ពីការមានខ្យល់បក់ខ្លាំង ដែលជាថ្ងៃទី២ ជាប់ៗគ្នា ខណៈដែលព្យុះ Ciaran បានបោកបក់ចូលតំបន់អឺរ៉ុបខាងលិច។
សេវាសង្គ្រោះបន្ទាន់ បានប្រាប់ថា ចំហេះបានចាប់ផ្តើមមាន កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) នៅក្បែរភូមិ Montichelvo។ អ្នកស្រុកប្រហែល ២.៥០០នាក់ ក្នុងភូមិ Potries និង Ador ត្រូវបានណែនាំឲ្យស្នាក់នៅតែក្នុងលំនៅឋាន ខណៈដែលខ្យល់បានបក់ផ្សែងសំដៅទៅផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល ១.០០០ និង ១.៤០០ហិកតា អាចរងប៉ះពាល់ដោយអណ្ដាតភ្លើងឆាបឆេះ៕