
នគរបាលស៊ែរប៊ី ចាប់បានជនអន្តោប្រវេសន៍សរុបចំនួន ៧៣៨នាក់ នៅក្នុងការវាយឆ្មក់ជាច្រើន នៅតំបន់ភាគខាងជើង និងភាគខាងកើតនៃប្រទេសបាល់កង់មួយនេះ ពោលគឺជាផ្នែកនៃប្រតិបត្តិការទូទាំងប្រទេស ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីមានការបាញ់ប្រហារ ដែលបានសម្លាប់ជនអន្តប្រវេសន៍ ៣នាក់។
ក្នុងសេចក្តីថ្លែងការណ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) នគរបាលបានឲ្យដឹងថា ពួកគេបានចាប់បានជនអន្តោប្រវេសន៍ នៅក្នុងទីក្រុង Subotica, Sombor និង Kikinda នៅជិតព្រំដែនប្រទេសហុងគ្រី ភាគខាងជើង និងនៅជិតទីក្រុង Pirot ភាគអាគ្នេយ៍ ដែលនៅក្បែរព្រំដែនជាមួយប្រទេសប៊ុលហ្គារី។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុន ជនអន្តោប្រវេសន៍ ៣នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយកាំភ្លើង នៅក្បែរព្រំដែនរបស់ប្រទេសស៊ែរប៊ីជាមួយហុងគ្រី ជាផ្លូវដែលត្រូវបានប្រើប្រាស់កាន់តែសកម្មឡើងៗរបស់ក្រុមអ្នករត់ពន្ធមនុស្ស ដើម្បីចូលទៅក្នុងសហភាពអឺរ៉ុប។
ប្រទេសស៊ែប៊ី ធ្វើការល្បាតតាមព្រំដែនរួមជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប គឺហុងគ្រី និងអូទ្រីស ហើយទីក្រុងបែលក្រាដ បានសន្យាថា នឹងអនុវត្តគោលនយោបាយទិដ្ឋាការរបស់ខ្លួនឲ្យស្របជាមួយនឹងសហភាពអឺរ៉ុប ដើម្បីជួយទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ឆ្ពោះទៅភាគខាងលិច៕