ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក បង្ហាញបន្តការចូលរួមយ៉ាងសកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោយ ថ្ងៃ៧មករា ឆ្នាំ១៩៧៩។
ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹង ក្រោយជំនួបការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Edward Danielraj Selvanayagam នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក កាលពីព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២០នេះថា ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ថា អង្គការនេះ មានគោលដៅធំៗជាច្រើន ដូចជា គម្រោងបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងគម្រោងលុបបំបាត់ការធ្វើពលកម្មកុមារជាដើម។
ឯកឧត្តម អនុរដ្ឋលេខាធិការ បន្តថា លោក Edward Danielraj Selvanayagam បានសម្តែងការពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ចំណាត់ការរបស់ក្រសួងការងារ។ ជាមួយគ្នានេះ អង្គការ ក៏មានបំណងចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀតផងដែរ នាពេលអនាគត។
សូមបញ្ជាក់ថា អង្គការទស្សនៈពិភពលោក គឺជាអង្គការមនុស្សធម៌គ្រីស្ទានអន្តរជាតិ កំពុងធ្វើការជាមួយជនក្រីក្រ និងលើកស្ទួយប្រែជីវិត ការរស់នៅ និងស្វែងរកភាពយុត្តិធម៌៕
អត្ថបទ ៖ ឈិត បូរ៉ាវី
