
កំពត៖ រដ្ឋបាលខេត្តកំពត បានប្រកាសថា ពលរដ្ឋខ្មែរ ០២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩នៅថ្ងៃនេះ បន្ទាប់ពីខេត្តនេះរកឃើញករណីឆ្លងយ៉ាងច្រើននៅក្នុងរយៈពេលជាង ១សប្ដាហ៍ចុងក្រោយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពត បញ្ជាក់ថា ស្ត្រីម្នាក់អាយុ ៧៧ឆ្នាំ ដែលជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាច បានស្លាប់បាត់បង់ជីវិតនៅវេលាថ្ងៃត្រង់ថ្ងៃនេះ នៅឯមន្ទីរពេទ្យបង្អែកកំពង់ត្រាច។
បើតាមរដ្ឋបាលខេត្តកំពត ស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាចកាលពីថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩។
រដ្ឋបាលខេត្តកំពត បានឱ្យដឹងទៀតថា បុរសម្នាក់ទៀតអាយុ ៥២ឆ្នាំដែលរស់នៅក្នុងស្រុកកំពង់ត្រាចដែរនោះ បានស្លាប់បាត់បង់ជីវិតនៅម៉ោង ៩ព្រឹកថ្ងៃនេះនៅឯមន្ទីរពេទ្យបង្អែកកំពង់ត្រាចដែរ។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា បុរសរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ-១៩។
ករណីស្លាប់ពលរដ្ឋខ្មែរទាំង ០២នាក់នេះ រដ្ឋបាលខេត្តកំពតបញ្ជាក់ថា បណ្ដាលមកពីការរលាកសួតធ្ងន់ធ្ងរដែលបង្កឡើងដោយមេរោគកូវីដ-១៩។
ប្រជាពលរដ្ឋជាច្រើននៅស្រុកកំពង់ត្រាច ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១សប្ដាហ៍ចុងក្រោយនេះ ដែលភាគច្រើនពាក់ព័ន្ធនឹងការឆ្លងនៅកាស៊ីណូស្ថិតនៅច្រកទ្វារព្រំដែនតន់ហន់៕