
កងទ័ពការពារអ៊ីស្រាអែលឬIDF បានបញ្ចេញវីដេអូពីទ័ពជើងគោករបស់ខ្លួនកំពុងធ្វើប្រតិបត្ដិការសឹក ក្នុងតំបនហ្កាហ្សាហើយនិងបានវាយប្រហារទៅលើតំបន់ហ៊ុមព័ទ្ធតាមផ្លូវអាកាស និងផ្លូវទឹក នៅថ្ងៃសុក្រនេះ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ពួកគេបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ឈ្មោះ មូស្ដាហ្វា ដាលុល(Mustafa Dalul) ក្នុងអំឡុងពេលវាយប្រហារតាមអាកាសមួយក្នុងចំណោមការវាយប្រហារតាមអាកាសជាច្រើនរបស់ពួកគេ និងបានរកឃើញអាវុធជាច្រើនដើមក្នុងនោះរួមមានកាំភ្លើងដៃAk-47 កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្ដិ ឧបករណ៍ទាក់ទង និងផែនទីជាច្រើនក្នុងអំឡុងពេលរុករកក្នុងសង្កាត់បេហានូន(Beit Hanoun)។
អ៊ីស្រាអែល បាននិយាយថា ខ្លួនបានឡោមព័ទ្ធទីក្រុងហ្កាហ្សា (Gaza City) ខណៈប្រមុខកាទូតសហរដ្ឋអាមេរិក លោកអង់តូនី ប៊្លីងខិន (Antony Blinken) បានអញ្ជើញទៅដល់ក្រុងតេល អាវីវ (Tel Aviv) ប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រនេះនៅក្នុងការស្វះស្វែងរកអោយមានការផ្អាកផ្នែកមនុស្សធម៌ នៅក្នុងសង្រ្គាមដើម្បីបន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ជាដែលស្បៀងអាហារ ប្រេងឥន្ធនៈ ទឹក ហើយនិងថ្នាំសង្កូវស្ទើរតែជិតអស់ទៅហើយ៕