ភ្នំពេញ៖ មនុស្សប្រុសស្រីប្រមាណជាង១០០នាក់ មានទាំងជនបរទេស ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរ ដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ( ប៉ោងប៉ោងរីករាយ ) ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទីអធ្រាត្រ ឈាចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្លឹប១កន្លែង ដែលមានស្លាកយីហោ NUMBER9 BASSAC LIVE DJS - DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយឃើញមានវត្តមានរបស់នគរបាល មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហកាជាមួយសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តខាងលើ ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។
តាមរបាយការណ៍បឋមបានអោយដឹងថាមនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ១០៣នាក់ ទាំងខ្មែរ និងជនបរទេសប្រុសស្រីជាច្រើននាក់ ដោយសមត្ថកិច្ចបានដកហូតគ្រឿងសម្ភារៈដូចជា៖ ប៉ោងប៉ោងរីករាយទំហំធំចំនួន០៤ និងតូចៗផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន១២បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយចំនួន០៤បំពង់ធំផងដែរ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ ឡើងទៅលើរថយន្តចំនួន២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ៕ អត្ថបទ៖ កុម្ភៈ






