កំពង់ឆ្នាំង ៖ ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ឆ្នាំ២០២៣នាពេលខាងមុខនេះបានដំណើរដោយរលូននោះ ក្រុមការងារនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានត្រៀមរួចជាស្រេចហើយ ទាំងបរិស្ថាននៅក្នុងបរិវេណនៃមណ្ឌលប្រឡង ព្រមទាំងក្នុងបន្ទប់ប្រលង សន្តិសុខ សុខមាលភាព និង កន្លែងស្នាក់នៅរបស់បេក្ខជន និង អណាព្យបាល ។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា បានបញ្ជាក់ទៀតថា ៖ ដើម្បីធានាបាននូវដំណើរការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប នៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះបានដោយរលូននោះ ខាងមន្ទីរអប់រំបានធ្វើកិច្ចសហការជាមួយមន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរធម្មការនិងសាសនា ស្នងការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងសភាពសហព័ន្ធយុវជនកម្ពុជា សសយកខេត្តកំពង់ឆ្នាំងផងដែរ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអង្គភាពពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការយ៉ាងយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំដំណើការប្រឡងបាក់ឌុបនាពេលខាងមុខនេះ ។ ចំពោះឪពុកម្តាយ អាណាព្យាបាលរបស់បេក្ខជនទាំងអស់ ត្រូវចូលរួមជួយដល់កូនៗដោយរំលឹកអំពីការភ្ជាប់យកមកជាមួយនូវឯកសារពាក់ព័ន្ធនិងសាមីបេក្ខជនក្នុងការចូលរួមប្រឡង ដូចជាអត្ថសញ្ញាប័ណរបស់សិស្ស និង ចូលរួមថែសុខភាពរបស់បេក្ខជនឱ្យបានល្អ សម្រាប់ត្រៀមប្រលងឱ្យបានជោគជ័យផងដែរ ។ ចំពោះបេក្ខជនក៍ត្រូវគោរពឱ្យបាននូវលក្ខណនៃការប្រឡងផងដែរ ។
កាប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៧៤បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌល និង ស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនចូលរួមចំនួន៤៣៣០នាក់ ក្នុងស្រីចំនួន២៣៦៧នាក់ ។ ក្នុងថ្នាក់វិទ្យាសាស្រ្តចំនួន២មណ្ឌលចែកចេញជា៤២បន្ទប់ ១០៤៧នាក់ ស្រីចំនួនន៦៩១នាក់ ៕ ដោយ ៖ កាំង ហុងវាស្នា



