អ៊ីរ៉ង់ ៖ មេដឹកនាំក្រុមហេសបូឡានៅប្រទេសលីបង់ បានព្រមានសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រថា ការទប់ស្កាត់ជម្លោះក្នុងតំបន់ ត្រូវពឹងផ្អែកលើការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា ហើយអាចកើតមានការប្រយុទ្ធនៅសមរភូមិប្រទេសលីបង់ ដែលនឹងប្រែក្លាយទៅជាសង្រ្គាមពេញលេញ។
លោក Sayyed Hassan Nasrallah នៅក្នុងសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា បានគំរាមដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក ដោយបាននិយាយបង្ហើបថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់របស់លោក បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងនាវាចម្បាំងសហរដ្ឋអាមេរិកនៅសមុទ្រមេឌីទែរ៉ាណេ។
សុន្ទរកថារបស់លោក ត្រូវបានសាទរដោយពលរដ្ឋប៉ាឡេស្ទីន និងពលរដ្ឋលីបង់ ដែលរស់នៅក្នុងប្រទេសលីបង់ ខណៈមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅហាងកាហ្វេមួយកន្លែងដើម្បីមើលការថ្លែងសុន្ទរកថា។
ក្រុមហេសបូឡា បាននិងកំពុងប្រយុទ្ធតគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅព្រំដែនលីបង់-អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ដោយក្រុមអ្នកប្រយុទ្ធ៥៥ នាក់បានស្លាប់។ ប៉ុន្តែការប៉ះទង្គិចគ្នាត្រូវបានទប់ស្កាត់យ៉ាងច្រើននៅព្រំដែន ហើយរហូតមកដល់ពេលនេះ ក្រុមហេសបូឡា បានប្រើមួយផ្នែកនៃឃ្លាំងអាវុធដែលលោក Nasrallah បានគំរាមអ៊ីស្រាអែលជាយូរមកហើយ។
លោក Nasrallah បាននិយាយថា ការវាយប្រហាររបស់ក្រុមហេសបូឡា រហូតមកដល់ពេលនេះនៅព្រំដែន «នៅមិនទាន់អស់នោះទេ» ដែលការរីកកាន់តែធំនៅសមរភូមិនឹងប៉ះពាល់ដល់ព្រឹត្តិការណ៍នៅហ្គាហ្សា និងសកម្មភាពរបស់អ៊ីស្រាអែលឆ្ពោះទៅរកប្រទេសលីបង់។

