អុីស្រាអែល ៖ សកម្មជនអ៊ីស្រាអែល នៅទីក្រុង Tel Aviv កាលពីថ្ងៃសុក្រ បានដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យប្រើ ប្រាស់រាល់ឧបករណ៍ផ្នែកការទូត ដើម្បីឲ្យមានការដោះលែងចំណាប់ថ្នូរចាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ខណៈពួកគេធ្វើបាតុកម្ម នៅថ្ងៃបុណ្យរបស់ជនជាតិជ្វីហ្វ។ អ្នកសារព័ត៌មាន លោក Amir Tibon បាននិយាយទៅកាន់សកម្មជនមួយក្រុម ខណៈពួកគេបានរៀបចំអាហារពេលល្ងាចបែបប្រពៃណីនៅថ្ងៃបុណ្យ ដោយកៅអីទទេ ដាក់ជានិមិត្តរូបនៃមនុស្សជាទីស្រលាញ់របស់ពួកគេដែលបាត់ខ្លួន នៅកន្លែងដែលលោកបានរំលឹកដល់ការមកធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken អំពីការសន្យារបស់លោកដើម្បីធ្វើការឆ្ពោះទៅរកការដោះលែងចំណាប់ថ្នូរក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសអ៊ីស្រាអែល ក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស់។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា រហូតមកដល់ពេលនេះ មានពលរដ្ឋប៉ាឡេស្ទីនជាង ៩.០០០នាក់ ត្រូវបានសម្លាប់។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឱ្យផ្អាកការប្រយុទ្ធគ្នា ដើម្បីពន្លឿនការដោះលែងចំណាប់ថ្នូរ និងការដឹកជញ្ចូនជំនួយមនុស្សធម៌។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសុក្រ បាននិយាយថា លោកបដិសេធបទឈប់បាញ់ណាមួយ ដែលពុំមានលទ្ធផលក្នុងការដោះលែងពលរដ្ឋអ៊ីស្រាអែលទាំងអស់ ដែលបានចាប់ជាចំណាប់ថ្នូរ។ ការបដិសេធរបស់មេដឹកនាំអ៊ីស្រាអែល ចំពោះ ការឲ្យផ្អាកសង្គ្រាម បានកើតឡើងបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់អាមេរិក លោក Antony Blinken បានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន។ ជំនួសមកវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក បានចាកចេញពីអ៊ីស្រាអែល ដោយពុំមានលទ្ធផលអ្វីទាំងអស់ ទោះបីជាបានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលធ្វើការងារបន្ថែមទៀតដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាក្នុងអំឡុងពេលសង្រ្គាមរបស់ពួកគេដើម្បីកម្ទេចក្រុមហាម៉ាសក៏ដោយ។

