អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសហ្ស៊កដានី កាលពីថ្ងៃសុក្រ បន្ទាប់ពីបានបង្ហាញសាមគ្គីភាពជាមួយអ៊ីស្រាអែល និងការសងសឹករបស់ប្រទេសនេះប្រឆាំងក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា។
អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ បានធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី បន្ទាប់ពីបានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយលុករបស់យោធាខ្លួនជាបណ្ដោះអាសន្នទៅលើតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ចូនជំនួយចូលទៅកាន់តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ប៉ុន្តែត្រូវប្រឈមមុខការបដិសេធពីនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលបានច្រានចោលការការផ្អាកសង្គ្រាមបែបនេះ លុះត្រាតែចំណាប់ថ្នូរទាំងអស់ចាប់ទៅដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានដោះលែង។
កាលពីដើមសប្តាហ៍នេះ ប្រទេសហ្ស៊កដានី បានស្នើឱ្យក្រុងវ៉ាស៊ីនតោនដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត(Patriot) ដើម្បីពង្រឹងការការពារព្រំដែនរបស់ខ្លួន នៅពេលដែលមានភាពតានតឹង និងជម្លោះក្នុងតំបន់កើនឡើង។ ប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ត្រូវបានដាក់មូលដ្ឋាននៅក្នុងប្រទេសមួយនេះក្នុងឆ្នាំ២០១៣ បន្ទាប់ពីការបះបោរនៅប្រទេសស៊ីរីភាគខាងជើង ដែលនៅជិតខាង ជាកន្លែងដែលប្រទេសហ្សកដានី បារម្ភថាសង្រ្គាមស៊ីវិលអាចផ្ទុះហៀរចេញ និងបញ្ឆេះជម្លោះក្នុងតំបន់។ យោងតាមប្រភពពីរដ្ឋាភិបាលហ្ស៊កដានី បានឱ្យដឹងថា ប្រទេសហ្ស៊កដានី មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា ចាប់តាំងពីការវាយលុកដ៏ឃោឃៅលើប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាស់ពីតំបន់ហ៊ុមព័ទ្ធកាលពីថ្ងៃទី ៧ ខែតុលា ក៏អាចរាលដាលទៅជាការបំផ្លាញកាន់តែទូលំទូលាយ។

