អាមេរិក ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) បានប្រកាសពីកញ្ចប់ថវិកាចំនួន ៤២៥លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយគ្រោងនឹងបញ្ជូនទៅកាន់ទីក្រុងគីវនូវការដឹកជញ្ជូនគ្រាប់កាំភ្លើងធំ គ្រាប់រំសេវអាវុធធុនតូច យុទ្ធោបរកណ៍ការពារអាកាស និងសម្លៀកបំពាក់ការពារអាកាសធាតុត្រជាក់ នៅមុនរដូវរងា។
ក្រសួងការពារជាតិ បានឲ្យដឹងថា ទឹកប្រាក់ ៣០០លានដុល្លារ នឹងត្រូវបានផ្តល់ពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលសហរដ្ឋអាមេរិកនឹងទិញប្រព័ន្ធសព្វាវុធពីឧស្សាហកម្មការពារជាតិ មុនពេលប្រគល់ឲ្យទៅប្រទេសអ៊ុយក្រែន។
យោងតាមមន្ទីរបញ្ចកោណ បានឲ្យដឹងថា មូលនិធិទាំងនោះនឹងត្រូវប្រើប្រាស់ សម្រាប់ការទិញអាវុធ ដែលបាញ់តម្រង់គោលដៅដោយឡាស៊ែរ ដើម្បីយកទៅទប់ទល់ជាមួយយានដ្រូន។ ចំណែក ១២៥លានដុល្លារផ្សេងទៀត នៅក្នុងកញ្ចប់ជំនួយនេះ នឹងត្រូវបានយកដោយផ្ទាល់ពីទុនបម្រុងការពារជាតិ។
ជាមួយគ្នានេះ មន្ទីរបញ្ចកោណ បានប្រាប់នៅថ្ងៃសុក្រនោះថា ខ្លួន «បន្តអំពាវនាវឲ្យសភាបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រជាជនអ៊ុយក្រែន ដោយការអនុម័តមូលនិធិបន្ថែម ដើម្បីធានាថា អ៊ុយក្រែន ទទួលបានអ្វី ដែលពួកគេត្រូវការ ដើម្បីការពារខ្លួនប្រឆាំងនឹងជម្រើសធ្វើសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី»៕

