នេប៉ាល់ ៖ រូបថតដែលចេញផ្សាយដោយរដ្ឋាភិបាលនេប៉ាល់ នៅថ្ងៃសៅរ៍ (ទី៤ ខែវិច្ឆិកា) នេះ បានបង្ហាញឲ្យឃើញពីប្រតិបត្តិការជួយសង្គ្រោះ និងផ្ដល់ជំនួយសង្គ្រោះ កំពុងដំណើរការទៅ ហើយបង្ហាញពីលោកនាយករដ្ឋមន្ត្រីនៅឯមន្ទីរពេទ្យមូលដ្ឋានមួយ និយាយប្រាស្រ័យទាក់ទងសួរសុខទុក្ខអ្នករស់រានមានជីវិតពីហេតុការណ៍រញ្ជួយដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨នាក់។
ហេតុការណ៍រញ្ជួយដីនេះ បានកើតឡើងនៅវេលាម៉ោង ១១:៤៧នាទីយប់ (ត្រូវនឹងម៉ោង ១៨:២នាទី ម៉ោងសកល) កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) នៅស្រុក Jajarkot របស់ខេត្ត Karnali។ ស្រុក Jajarkot មានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Kathmandu។
មជ្ឈមណ្ឌលជាតិរញ្ជួយដីរបស់ប្រទេសនេប៉ាល់ បានឲ្យដឹងថា រញ្ជួយដីនេះមានកម្រិត ៦,៤វ៉ិកទ័រ ប៉ុន្តែមជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) ក្រោយមកបានទម្លាក់កម្រិតមកត្រឹម ៥,៧វ៉ិកទ័រ ហើយការវាយតម្លៃរបស់មជ្ឈមណ្ឌលភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បានកំណត់កម្រិត ៥,៦វ៉ិកទ័រ។
សូមរំលឹកថា កាលពីឆ្នាំ២០១៥ មនុស្សប្រហែល ៩.០០០នាក់ បានស្លាប់ នៅក្នុងការរញ្ជួយដីចំនួន២ នៅនេប៉ាល់។ ទីក្រុងទាំងមូលជាច្រើន ប្រាសាទដែលមានអាយុកាលរាប់សតវត្សរ៍ និងទីតាំងប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀត ត្រូវដួលរាបដល់ដី ដោយមានផ្ទះសម្បែងជាង ១លានខ្នង ត្រូវបានបំផ្លាញ ដែលធ្វើឲ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច ក្នុងទំហំទឹកប្រាក់ ៦ពាន់លានដុល្លារ៕

