ភ្នំពេញ ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥ លាននាក់ ខណៈកម្មវិធីបណ្តុះបណ្តាលជំនាញនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ក្នុងពិធីបិទវគ្គវិក្រិតការគ្រូបច្ចេកទេស ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ បានណែនាំដល់មន្រ្តី ជាពិសេសគ្រូឧទ្ទេសក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានី-ខេត្តទាំងអស់ ត្រូវខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អក្នុងការបង្រៀន ក៏ដូចជាការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ទៅកាន់សិស្ស ដើម្បីជួយគាំពារដល់យុវជនទាំងអស់នោះមានជំនាញវិជ្ជាជីវៈមួយពិតប្រាកដនៅក្នុងជីវិតសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោក ចក់ ចន្លី គ្រូបច្ចេកទេសផ្នែកសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តស្វាយរៀង និងលោកស្រី ព្រហ្ម យ៉ារ៉ូ គ្រូបច្ចេកទេសខាងផ្នែកសេវាកម្មសំអាងកាយ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក្នុងនាមជាគ្រូបណ្តុះបណ្តាលជំនាញ បានប្តេជ្ញាប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការចែករំលែកចំណេះដឹង និងជំនាញដល់សិស្សគ្រប់ជំនាន់ ដើម្បីជំរុញវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឲ្យកាន់តែរីកចម្រើន និងល្អប្រសើរឡើងបន្ថែមទៀតនៅក្នុងសង្គមជាតិ។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព និងឆ្លើយតបទីផ្សារការងារដែលខ្វះខាត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គវិក្រិតការគ្រូបច្ចេកទេសមកពីរាជធានី ខេត្តចំនួនសរុប ២៤៥ នាក់ ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញ ដែលមានរយៈពេល ១០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបច្ចេកទេស អំពីវិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញតាមស្តង់ដារមួយ ដែលមានលក្ខណៈទន់ភ្លន់ បត់បែនតាមជំនាញ។ វគ្គវិក្រិតការនេះ មានការចូលរួមពីគ្រូបច្ចេកទេសមកពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស ក្នុងក្រុមវិស័យលើ ២០ ជំនាញ រួមមាន៖ វិស័យសំណង់, វិស័យអគ្គិសនីនិងថាមពល, វិស័យអេឡិចត្រូនិច, វិស័យកម្មន្តសាល, វិស័យមេកានិច, ធុរកិច្ចនិងព័ត៌មានវិទ្យា, វិស័យសេវាកម្ម, វិស័យបរិក្ខាត្រជាក់, វិស័យ ទេសចរណ៍ និងវិស័យកសិកម្ម-កសិឧស្សាហកម្ម៕ អត្ថបទ ៖ ឈិត បូរ៉ាវី






