
ភ្នំពេញ៖ ក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា ឯកឧត្ដម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ជូនឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថា ដើម្បីបន្តជួយកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ រដ្ឋាភិបាលចិន នឹងផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួនហាសិបម៉ឺនដូសដល់កម្ពុជា ហើយនៅក្នុងខែមិថុនានេះវ៉ាក់សាំងចំនួនបួនលានប្រាំសែនដូសទៀត នឹងដឹកមកដល់កម្ពុជា។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី លទ្ធផលនៃទស្សនកិច្ចការងាររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ២០២១។
ក្នុងជំនួបនៅថ្ងៃទី៨ ខែមិថុនានោះដែរ ភាគីទាំងពីរកម្ពុជា-ចិន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើនដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនីស្តចិន(១៩២១-២០២១)។ ឯកឧត្តមបានកោតសរសើរចំពោះប្រទេសចិន ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការស ម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។
ក្រៅពីការផ្ដល់វ៉ាក់សាំង ភាគីចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយផងដែរ៕ អត្ថបទ៖ គង់ ឌិន

