ប៉ាគីស្ថាន ៖ នគរបាលប៉ាគីស្ថាន កាលពីថ្ងៃសុក្រ (ទី៣ ខែវិច្ឆិកា) បានចាប់ផ្តើមប្រតិបត្តិការរុករក និងព័ទ្ធចាប់ ក្នុងតំបន់ ដែលជនជាតិអាហ្វហ្គានីស្ថាន រស់នៅ ពោលគឺមួយថ្ងៃបន្ទាប់ពីផុតពេលវេលាកំណត់នៃឱសានវាទ ដើម្បីបណ្តេញជនបរទេសគ្មានឯកសារទាំងអស់ចេញពីប្រទេស។
ជនបរទេសជាច្រើន ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន បានអង្គុយក្នុងប៉ុស្តិ៍នគរបាល នាទីក្រុងការ៉ាជី ខណៈដែលពួកគេរង់ចាំផ្លាស់ទៅកាន់ជំរុំឈប់បណ្តោះអាសន្ន។ មន្ត្រីនគរបាលជាន់ខ្ពស់លោក Irfan Bahadur បានប្រាប់ថា នគរបាលបានអនុវត្តប្រតិបត្តិការរុករក និងព័ទ្ធចាប់ នៅនិគមជន Junejo ជាកន្លែងតាំងទីលំនៅរបស់ជនភៀសខ្លួន ដែលនៅទីនោះពួកគេបានឆែកឆេរផ្ទះជាង ៩០០ខ្នង។
គួបញ្ជាក់ថា ប្រទេសប៉ាគីស្ថានបានបដិសេធការអំពាវនាវរបស់អង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្ស និងស្ថានទូតលោកខាងលិច ដែលសុំឲ្យពិចារណាឡើងវិញនូវផែនការរបស់ខ្លួន ក្នុងការបណ្តេញជនជាតិអាហ្វហ្គានីស្ថានជាង ១លាននាក់ ក្នុងចំណោមពលរដ្ឋអាហ្វហ្គានីស្ថាន ៤លាននាក់ រស់នៅក្នុងប្រទេសនេះ ដោយនិយាយថា ជនអន្តប្រវេសន៍ទាំងនោះ មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាម និងឧក្រិដ្ឋកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស ដែលការលើកឡើងនេះ ត្រូវបានទីក្រុងកាប៊ុលច្រានចោល៕

