មន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប កៀកៗនឹងការបិទទ្វារមែនទែនហើយ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងៗ កង្វះខាតប្រេងឥន្ធនៈ និងការផ្គត់ផ្គង់សម្ភារផ្សេងទៀត ដោយធ្វើឲ្យអ្នកជំងឺ និងអ្នករបួសប្រឈមនឹងហានិភ័យ ក្នុងជម្លោះ ដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានឆក់ជីវិតមនុស្សរួចហើយ ៩.២៥៧នាក់ នៅតំបន់ហ្គាហ្សា។
មន្ទីរពេទ្យឥណ្ឌូនេស៊ី នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប និងមន្ទីរពេទ្យមិត្តភាពទួរគី-ប៉ាឡេស្ទីន ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីកតែមួយគត់ នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) ថា ពួកគេបានបញ្ឈប់ប្រតិបត្តិការច្រើនណាស់។
សេវាវេជ្ជសាស្រ្តភាគច្រើន ក្នុងនោះរួមទាំងប្រព័ន្ធធ្វើឲ្យខ្យល់ចេញចូលក្នុងបន្ទប់ប្រតិបត្តិការ ស្ថានីយអុកស៊ីហ្សែន និងបន្ទប់អ្នកជំងឺ ត្រូវបានបិទរួចហើយ ដែលនាំឲ្យអ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប្រឈមនឹងការគំរាមកំហែងដល់អាយុជីវិត។
អ្នកនាំពាក្យរបស់មន្ទីរសុខាភិបាល នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតដល់មមន្ទីរពេទ្យ នៅតំបន់នេះ៕

