អ៊ីស្រាអែល ÷ វីដេអូដែលចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី៤ ខែវិច្ឆិកា) នេះ បានបង្ហាញពីរថក្រោះបាញ់កាំភ្លើងធំ និងឲ្យឃើញការធ្វើដំណើររុលទៅមុខរបស់ទាហានឆ្លងកាត់អគារនានា ដែលដួលរលំទៅជាគំនរបាក់បែក ខណៈដែលប្រតិបត្តិការយោធា កំពុងបន្តធ្វើ នៅក្នុងតំបន់ហ្គាហ្សា។
កងទ័ពអ៊ីស្រាអែល បានអះអាងថា ទាហានបានសម្លាប់ភេរវកររាប់សិបនាក់ និងបានបំផ្លាញ «ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម» របស់ក្រុមហាម៉ាស។ វីដេអូនេះក៏បានបង្ហាញពីការវាយប្រហារតាមអាកាសផងដែរ។ យ៉ាងណាក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទ ដែលវីដេអូ និងរូបភាពនេះ ត្រូវបានថត ដោយឯករាជ្យនោះឡើយ។
កងកម្លាំងមូលដ្ឋានរបស់អ៊ីស្រាអែល បានឡោមព័ទ្ធទីក្រុងហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែវិច្ឆិកា) បន្ទាប់ពីបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែក ដែលខ្លួននិយាយថា មានគោលបំណងកម្ចាត់ក្រុមហាម៉ាសឲ្យបាន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយ បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ នៅក្នុងការវាយប្រហារយ៉ាងកំរោលមួយ កាលពីថ្ងៃទី៧ ខែតុលា នៅភាគខាងត្បូងអ៊ីស្រាអែល៕

