រុស្ស៊ី ÷ ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប ឬ EU លោកស្រី Ursula von der Leyen បានធ្វើដំណើរទៅដល់ទីក្រុងគីវហើយ នៅថ្ងៃសៅរ៍ (ទី៤ ខែវិច្ឆិកា) នេះ ដែលជាទស្សនកិច្ច មុនពេលមានរបាយការណ៍ ដែលគេរំពឹងថា សហភាពអឺរ៉ុប នឹងបង្ហាញនៅសប្តាហ៍ក្រោយអំពីការវិវត្តរបស់អ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងស្នើសុំសមាជិកភាពរបស់ប្លុកនេះ។
ការវាយតម្លៃរបស់ EU ដែលគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ (ទី៨ ខែវិច្ឆិកា) ត្រូវបានគេរំពឹងថា នឹងរៀបរាប់លម្អិតថា តើអ៊ុយក្រែនបានវិវត្តទៅដល់កម្រិតណាហើយ ក្នុងការបំពេញលក្ខខណ្ឌសេដ្ឋកិច្ច ច្បាប់ និងលក្ខណៈវិនិច្ឆ័យផ្សេងទៀត ដើម្បីធ្វើឲ្យជ្រះស្រលះនូវផ្លូវ សម្រាប់ការចរចាចូលជាសមាជិក ដែលនឹងចាប់ផ្តើមនៅក្នុងខែធ្នូ។
សូមបញ្ជាក់ថា អ៊ុយក្រែនដែលបានដាក់ពាក្យសុំចូលរួមជាមួយសហភាពអឺរ៉ុប នៅប៉ុន្មានថ្ងៃបន្ទាប់ពីការលុកលុយទាំងស្រុងរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នោះ មើលឃើញថា ការក្លាយជាសមាជិករបស់ប្លុកពាណិជ្ជកម្មនេះ ជាអាទិភាពចម្បង។
ដំណើរទស្សនកិច្ចរបស់លោកស្រី Von der Leyen កើតឡើង នៅក្នុងពេលដែលទាហានអ៊ុយក្រែនប្រយុទ្ធនឹងភាពនឿយហត់ និងខណៈដែលក្តីកង្វល់ វិលវល់នឹងអនាគតនៃជំនួយយោធារបស់សហរដ្ឋអាមេរិក ដែលទីក្រុងគីវ ពឹងផ្អែកខ្លាំង៕

