នេប៉ាល់ ÷ អ្នករងរបួស ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ ដែលបានសម្លាប់មនុស្សយ៉ាងណាស់ ១៣៧នាក់នោះ កំពុងទទួលការព្យាបាល នៅឯមន្ទីរពេទ្យមួយ នាថ្ងៃសៅរ៍ (ទី៤ ខែវិច្ឆិកា) នេះ បន្ទាប់ពីការរញ្ជួយដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំរបស់ប្រទេសនេប៉ាល់នេះ បានធ្វើអគារជាច្រើនដួលរលំ និងធ្វើឲ្យមានអារម្មណ៍ថា កន្លែងរញ្ជួយនោះ នៅឆ្ងាយរហូតដល់ទៅរដ្ឋធានីនៃប្រទេសឥណ្ឌា។
ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះ នៅតែធ្វើដំណើរឆ្លងកាត់តំបន់ភ្នំទៅកាន់ចំណុចកណ្ដាលនៃកន្លែងកើតហេតុ។ អាជ្ញាធរបាននិយាយថា ទោះបីជាទំហំនៃការរញ្ជួយដីនេះមិនធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែការខូចខាត និងចំនួនអ្នកស្លាប់ ទំនងជាខ្ពស់ ដោយសារតែគុណភាពសំណង់មិនល្អ នៅក្នុងតំបន់នេះ។
ការរញ្ជួយនេះ ត្រូវបានមជ្ឈមណ្ឌលជាតិរញ្ជួយដីនេប៉ាល់ បានប្រាប់ថា មានកម្រិត ៦,៤វ៉ិកទ័រ តែមជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) បានទម្លាក់មកត្រឹម ៥,៧វ៉ិកទ័រ ហើយការវាយតម្លៃរបស់មជ្ឈមណ្ឌលភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បានកំណត់កម្រិត ៥,៦វ៉ិកទ័រ។
មនុស្សប្រហែល ៩.០០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីចំនួន២ នៅនេប៉ាល់ កាលពីឆ្នាំ២០១៥ ។ ទីក្រុងទាំងមូលជាច្រើន ប្រាសាទដែលមានអាយុកាលរាប់សតវត្សរ៍ និងទីតាំងប្រវត្តិសាស្ត្រជាច្រើនផ្សេងទៀត ត្រូវក្លាយជាគំនរបាក់បែក ដោយផ្ទះសម្បែងជាង ១លានខ្នង ត្រូវបានបំផ្លាញ ដែលធ្វើឲ្យមានការខាតបង់ក្នុងទំហំទឹកប្រាក់ ៦ពាន់លានដុល្លារ៕

