មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ៤ ខែវិច្ឆិកា ដើម្បីបង្ហាញពីសាមគ្គីភាព សម្រាប់ពលរដ្ឋប៉ាឡេស្ទីន និងទាមទារឲ្យមានបទឈប់បាញ់ក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលកំពុងប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស។
បាតុករកាន់ទង់ជាតិប៉ាឡេស្ទីនដែលមានពាក្យស្លោកដូចជា 'បញ្ឈប់ការសម្លាប់រង្គាល! "និង" សូមឲ្យមានឈប់បាញ់ឥឡូវនេះ!.។
យោងតាមនគរបាល មនុស្ស១៩.០០០នាក់ បានចូលរួមក្នុងការតវ៉ានេះ ខណៈសហជីព CGT ឆ្វេងនិយមបាននិយាយថាពួកគេមានអ្នកចូលរួម ៦០.០០០នាក់ ។
បាតុកម្មកាលពីថ្ងៃសៅរ៍ គឺជាការប្រមូលផ្តុំដ៏ធំដំបូងបំផុត ក្នុងការបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានអនុញ្ញាតដោយស្របច្បាប់នៅទីក្រុងប៉ារីស ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា មក ។
ក្រុមអាជ្ញាធរបារាំងបានហាមប្រាមការជួបជុំដែលគាំទ្រប៉ាឡេស្ទីន កាលពីកន្លងទៅ នៅទីក្រុងប៉ារីស ដោយសារបារម្ភពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែមានការផ្ទុះកំហឹងកាន់តែខ្លាំងជាសាធារណៈនៅជុំវិញពិភពលោកទាក់ទិននឹងការស្លាប់រង្គាលរបស់ជនស៊ីវិល។
ប្រទេសបារាំងក៏នឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិមនុស្សធម៌ សម្រាប់ប្រជាជនស៊ីវិលនៅតំបន់ហ្កាហ្សានៅថ្ងៃទី ៩ ខែវិច្ឆិកាផងដែរ ស្របពេលប្រទេសនេះសម្លឹងរកការសម្របសម្រួលជំនួយសម្រាប់តំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធនោះ ៕
