មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងនានាជុំវិញពិភពលោកសម្រាប់បាតុកម្មចុងសប្តាហ៍ ទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។
បាតុកម្មគាំទ្រប៉ាឡេស្ទីនបានកើតឡើងកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងនានារួមទាំងរដ្ឋធានី Washington, DC។ ទីក្រុងឡុងដ្រ ប៉ារីស ទីក្រុងប៊ែរឡាំង មីលែន និងដាកា ។
នៅក្នុងប្រទេសទួរគី ក្បួនរថយន្តរបស់អ្នកគាំទ្រប៉ាឡេស្ទីនបានធ្វើដំណើរទៅកាន់មូលដ្ឋានយោធាអាមេរិកមួយនៅភាគខាងត្បូង ប្រទេសសម្រាប់ការតវ៉ា ស្របពេលការមកដល់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសនេះ នៅថ្ងៃអាទិត្យ។
នៅចក្រភពអង់គ្លេស ហ្វូងមនុស្សដ៏ច្រើនបានចេញតវ៉ាអង្គុយនៅទីលាន Oxford Circus ក្នុងទីក្រុងឡុងដ៍្រ និង Piccadilly Circus មុនពេលដើរទៅជួបជុំគ្នានៅទីលានចតុរង្គ Trafalgar។ អ្នកខ្លះកាន់សញ្ញាដែលសរសេរថា "បញ្ឈប់ការទម្លាក់គ្រាប់បែកលើកុមារ" និង "ឈប់បាញ់ឥឡូវនេះ" ។
នៅទីក្រុងប៊ែរឡាំង មនុស្សប្រហែល ៦.៥០០ នាក់ បានប្រមូលផ្តុំគ្នានៅពេលថ្ងៃត្រង់សម្រាប់បាតុកម្មដែលនគរបាលបាននិយាយថាកំពុងប្រព្រឹត្តទៅក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង។ អាល្លឺម៉ង់ធ្លាប់បានហាមប្រាមការជួបជុំសាមគ្គីភាពប៉ាឡេស្ទីន។
នៅប្រទេសអ៊ីតាលី វិញ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាតុករប្រហែល៤.០០០នាក់ បានដើរដង្ហែតាមដងផ្លូវនៃទីក្រុង មីលែន (Milan) គាំទ្រឲ្យមានបទឈប់បាញ់។
ចំណែកនៅក្នុងរដ្ឋធានីដាកា(Dakar) នៃប្រទេសសេណេហ្គាល់ ប្រជាជនបានប្រមូលផ្តុំគ្នានៅខាងក្រៅវិហារឥស្លាមចំកណ្តាលរដ្ឋធានី អមដោយផ្ទាំងបដា និងទង់ជាតិប៉ាឡេស្ទីន។
រីឯនៅសហរដ្ឋអាមេរិក មនុស្សរាប់ម៉ឺននាក់បានចេញតវ៉ានៅតាមផ្លូវក្នុងទីក្រុង Washington, DC ក្នុងបាតុកម្មដ៏ធំបំផុតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា៕

