នគរបាលបានរារាំងក្រុមបាតុករដែលធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា ខណៈមានកំហឹងផ្ទុះឡើងកាន់តែខ្លាំង ចំពោះការបរាជ័យដែលនាំឱ្យមានការវាយប្រហារដ៏សាហាវកាលពីខែមុនដោយក្រុមខ្មាន់កាំភ្លើង ហាម៉ាស លើសហគមន៍ជុំវិញតំបន់ហ្កាហ្សា។
ដោយគ្រវីទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ហ្វូងមនុស្សរាប់រយនាក់បានរុញច្រានរនាំងរបស់នគរបាលជុំវិញគេហដ្ឋានរបស់លោក Netanyahu ក្នុងក្រុងហ្សេរ៉ុយសេឡឹម(Jerusalem)។
ការតវ៉ាដែលបានកើតឡើងស្របពេលមានការស្ទង់មតិមួយដែលបង្ហាញពីប្រជាជនអ៊ីស្រាអែលច្រើនជាង ៣ភាគ៤ជឿថាលោក Netanyahu គួរតែលាលែងពីតំណែងនោះ បានគូសបញ្ជាក់អំពីកំហឹងសាធារណៈដែលកំពុងរាលដាលចំពោះមេដឹកនាំនយោបាយ និងសន្តិសុខរបស់ខ្លួន។
រហូតមកដល់ពេលនេះលោក Netanyahu មិនទាន់ទទួលយកការទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការបរាជ័យដែលនាំឱ្យមានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានឃើញខ្មាន់កាំភ្លើងហាម៉ាសរាប់រយនាក់បានសម្រុកចូលភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ និងចាប់មនុស្សយ៉ាងហោចណាស់ ២៤០នាក់ជាចំណាប់ថ្នូរ៕

