ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសារភាពថា សង្រ្គាមអ៊ីស្រាអែល និងហ្កាហ្សាកំពុងដកការផ្តោតអារម្មណ៍ ពីជម្លោះក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយថា នេះគឺជា គោលដៅមួយក្នុងចំណោមគោលដៅជាច្រើនរបស់រុស្ស៊ី ដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍នៅទីក្រុង Kyiv ជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺសូឡា វ៉ុនឌើឡេយិន (Ursula von der Leyen ) លោក Zelensky បាននិយាយថា វាច្បាស់ណាស់ថាសង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងដកការផ្តោតអារម្មណ៍ ពីសង្រ្គាមនៅអ៊ុយក្រែន។
ហើយលោកបានបដិសេធ ដែលថាការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន បានឈានដល់ភាពជាប់គាំង បើទោះបីជាមានការវាយតម្លៃនាពេលថ្មីៗនេះ ចំពោះស្ថានភាពសង្រ្គាម ដោយឧត្តមសេនីយ៍យោធាជាន់ខ្ពស់របស់ប្រទេសនេះ ក៏ដោយ។
ការវាយលុករបស់អ៊ុយក្រែននៅភាគខាងត្បូងរហូតមកដល់ពេលនេះ មានភាពរីកចម្រើនតិចតួច។
ស្ថានភាពបែបនេះ បានជំរុញឱ្យមានក្ដីបារម្ភពីភាពនឿយហត់នៃសង្គ្រាមក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុង Kyiv ព្រមទាំងមានការលើកឡើងពីភាពស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋធានីមួយចំនួន ក្នុងការបន្តផ្តល់អាវុធទំនើបៗ និងមូលនិធិដល់អ៊ុយក្រែន៕


