រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា បទឈប់បាញ់របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា នឹងអនុញ្ញាតឱ្យក្រុមហាម៉ាស ប្រមូលផ្តុំកម្លាំងឡើងវិញ និងបើកការវាយប្រហារបន្ថែមទៀត។ ប៉ុន្តែលោកបានបន្ថែមថា អ៊ីស្រាអែលត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារជនស៊ីវិល នៅក្នុងតំបន់រងការឡោមព័ទ្ធនេះ។
លោក Blinken បានអត្ថាធិប្បាយកាលពីថ្ងៃសៅរ៍ក្នុងប្រទេសហ្ស៊កដានី បន្ទាប់ពីបានជួបពិភាក្សាជាមួយបណ្ដាមេដឹកនាំអារ៉ាប់ដែលចង់ឱ្យមានការបញ្ឈប់ជាបន្ទាន់ចំពោះការប្រយុទ្ធគ្នានោះ។
ក្រុមមេដឹកនាំទាំងនោះ បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយលោក Blinken បន្ទាប់ពីកិច្ចចរចាដែលមានការចូលរួមពីសំណាក់ អារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម និងអេហ្ស៊ីប ថា យើងមិនទទួលយកថា វាជាការការពារខ្លួនទេ ។

អាមេរិកបន្តគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។
លោក Safadi បានហៅជម្លោះនេះថាជា សង្គ្រាមដ៏ក្ដៅគគុកមួយដែលកំពុងសម្លាប់ជនស៊ីវិល បំផ្លាញផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន វិហារឥស្លាម និងព្រះវិហាររបស់ពួកគេ។
មានការព្រួយបារម្ភថាសង្រ្គាមអាចទាញក្រុមតំណាងសង្គ្រាមក្នុងតំបន់ផ្សេងទៀត និងនាំទៅដល់អស្ថិរភាពនៅមជ្ឈិមបូព៌ា។
លោក Blinken ដែលបាននិងកំពុងអំពាវនាវឱ្យផ្អាក ក្នុងន័យមនុស្សធម៌ក្នុងការប្រយុទ្ធជំនួសឱ្យបទឈប់បាញ់ បាននិយាយថា ខណៈសហរដ្ឋអាមេរិកមិនយល់ស្របជាមួយបណ្ដាមេដឹកនាំអារ៉ាប់លើមធ្យោបាយមួយចំនួនដើម្បីសម្រេចបានសន្តិភាពយូរអង្វែងនៅក្នុងតំបន់នោះ គោលដៅរបស់ពួកគេគឺដូចគ្នា៕
