ជនជាតិអ៊ីស្រាអែល រួមទាំងក្រុមគ្រួសារជនរងគ្រោះថ្ងៃទី ៧ ខែតុលា បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ៤ វិច្ឆិកា ដោយអំពាវនាវឱ្យមេដឹកនាំអ៊ីស្រាអែល ធានាការដោះលែងចំណាប់ថ្នូរដែលចាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា។
របស់ក្មេងលេង ត្រូវបានបង្ហាញនៅក្នុងការតវ៉ា ដើម្បីជានិមិត្តរូបដល់កុមារដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ស្របពេលរាប់រយនាក់បានគ្រវីទង់ជាតិអ៊ីស្រាអែល និងរូបថតរបស់អ្នកបាត់ខ្លួន។
អ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបប៉ាឡេស្ទីន បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់មនុស្សចំណាប់ខ្មាំងជាង ២៤០នាក់ផ្សេងទៀត ក្នុងការចូលលុកលុយភាគខាងត្បូងក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ។
ចំណាប់ខ្មាំងជាច្រើននាក់នៅតែត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលយោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងការវាយលុកថ្មើជើង និងបានដាក់ការឡោមព័ទ្ធ។ មន្ត្រីសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិប៉ាឡេស្ទីន ៩.៤៨៨ នាក់បានស្លាប់ រួមទាំង កុមារចំនួន ៣.៩០០ នាក់៕

