មន្ត្រីសុខាភិបាលបាននិយាយថា យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់អ៊ីស្រាអែល បានវាយប្រហារជំរំជនភៀសខ្លួននៅតំបន់ហ្កាហ្សា នៅព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ និងរាប់សិបនាក់រងរបួស។
ការវាយប្រហារនេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងបន្តការវាយលុក កំទេចដែនដីរបស់មេដឹកនាំក្រុមហាម៉ាស ទោះបីជាមានការអំពាវនាវពីសហរដ្ឋអាមេរិកឱ្យផ្អាកការប្រយុទ្ធគ្នាដើម្បីផ្ដល់ឱកាសឲ្យជនស៊ីវិលកំពុងរងទុក្ខ ទទួលបានជំនួយ ក៏ដោយ។
អ៊ីស្រាអែលបានច្រានចោលគំនិតនៃការបញ្ឈប់ការវាយលុករបស់ខ្លួន សូម្បីតែសម្រាប់ការផ្អាក ប្រយុទ្ធសម្រាប់មនុស្សធម៌រយៈពេលខ្លីដែលស្នើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងអំឡុងពេលដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់លោកនៅក្នុងតំបន់នេះក្ដី។ ផ្ទុយទៅវិញ ប្រទេសនេះបានលើកឡើងថា ក្រុមហាម៉ាសកំពុងរងសម្ពាធខ្លាំងពីកងកម្លាំងពេញបន្ទុក នៃកងទ័ពរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា អ្នកគ្រប់គ្នាដែលស្ថិតនៅក្នុងទីក្រុងហ្កាហ្សា កំពុងតែប្រឈមគ្រោះថ្នាក់ដល់ជីវិត ។
លោក Medhat Abbas អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយនៅថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស បានប៉ះចំប្រហារជំរំជនភៀសខ្លួន ម៉ាកហាហ្ស៊ី (Maghazi) នៅកណ្តាលតំបន់ហ្កាហ្សាទាំងយប់អាធ្រាត្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨ នាក់ និងរាប់សិបនាក់ទៀតរងរបួស៕

