ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់មូលនិធិបន្ថែមទៀត ដើម្បីជួយកងកម្លាំងរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ព្រមទាំងបានអញ្ជើញអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឱ្យទៅកាន់អ៊ុយក្រែនដើម្បីទៅពិនិត្យមើលផ្ទាល់អំពីទំហំនៃការខូចខាតក្នុងជម្លោះមួយនេះ។

លោក Zelenskiy បាននិយាយថា មិនយូរមិនឆាប់ ទាហានអាមេរិកអាចនឹងត្រូវបានទាញចូលទៅក្នុងជម្លោះអឺរ៉ុបកាន់តែខ្លាំងជាមួយរុស្ស៊ី ប្រសិនបើក្រុងវ៉ាស៊ីនតោន មិនបង្កើនការគាំទ្រ។
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ដឹកនាំដោយគណបក្សសាធារណរដ្ឋ បានដាក់ចេញនូវផែនការផ្តល់មូលនិធិរបស់ខ្លួន ជំនួសឲ្យគម្រោងជំនួយកាលពីមុនរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ សភានេះបានអនុម័តសេចក្ដីស្នើច្បាប់មួយកាលពីសប្តាហ៍មុន ក្នុងការផ្តល់ជំនួយចំនួន ១៤,៣ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ប៉ុន្តែមិនរាប់បញ្ចូលការកើនឡើងនៃជំនួយសម្រាប់អ៊ុយក្រែនទេ។

នៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelenskiy បានអញ្ជើញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាសមាជិកគណបក្សសាធារណរដ្ឋឲ្យទៅទស្សនកិច្ចនៅអ៊ុយក្រែន និងពិនិត្យមើលមហន្តរាយនៃជម្លោះ ដែលផ្តួចផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោក ត្រាំ ដែលកំពុងព្យាយាមទទួលបានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ និងជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សរបស់ខ្លួន បានរិះគន់យ៉ាងខ្លាំងក្លាចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ទីក្រុង គីវ ហើយបាននិយាយថា លោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ម៉ោងបាន ប្រសិនបើលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក ម្ដងទៀត៕