នគរបាលទួរគី បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ខណៈមនុស្សរាប់រយនាក់នៅក្នុងការប្រមូលផ្ដុំតវ៉ាគាំទ្រប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ (០៥ វិច្ឆិកា) បានព្យាយាមសម្រុកចូលមូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសទួរគី ដែលជាទីតាំងរបស់ទាហានអាមេរិក ប៉ុន្មានម៉ោងមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅដល់ទីក្រុងអង់ការ៉ា សម្រាប់កិច្ចពិភាក្សាស្តីពីជម្លោះនៅតំបន់ហ្កាហ្សា។

ប្រទេសទួរគី ដែលបានបង្កើនការរិះគន់របស់ខ្លួនលើអ៊ីស្រាអែល ខណៈវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែអាក្រក់នោះ បានគាំទ្រដំណោះស្រាយរដ្ឋពីរ ក្នុងពេលធ្វើជាម្ចាស់ផ្ទះទទួលសមាជិកនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមមក ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅទូទាំងប្រទេសមួយនេះ។

កាលពីដើមសប្តាហ៍នេះ មូលនិធិសម្រាលបន្ទុកមនុស្សធម៌ IHH ដែលជាទីភ្នាក់ងារផ្តល់ជំនួយអ៊ីស្លាម ទួរគី បានរៀបចំក្បួនធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik ក្នុងខេត្តអាដាណា (Adana) ភាគខាងត្បូងប្រទេសទួរគី ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល។
ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងប៉ុន្មានម៉ោងមុនពេលលោក Blinken ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងអង់ការ៉ា សម្រាប់កិច្ចពិភាក្សាស្តីពីតំបន់ហ្កាហ្សា ជាមួយសមភាគីទួរគី លោក Hakan Fidan នៅថ្ងៃចន្ទនេះ ហើយបន្ទាប់ពីការរិះគន់ម្តងហើយម្តងទៀតដោយទីក្រុងអង់ការ៉ា ចំពោះលោកខាងលិចជុំវិញការគាំទ្រអ៊ីស្រាអែល៕