ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានផ្លាស់ប្ដូរគោលដៅហ្វឹកហាត់ថ្មី ដោយការជ្រើសរើសកីឡាករមានសក្ដានុពល និងមានសមត្ថភាពខ្ពស់ប្រមាណ ៣នាក់ធ្វើការហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វឹក ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការបានបញ្ជាក់ថា ដោយសារការអូសបន្លាយនៃជំងឺកូវីដ-១៩ សហព័ន្ធនៅមិនទាន់អាចប្រមូលផ្ដុំហ្វឹកហាត់បានទេ ខណៈទីតាំងនៃពហុកីឡដ្ឋានជាតិត្រូវបានរាជរដ្ឋាភិបាល សម្រេចយកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ ហេតុនេះ សហព័ន្ធក៏សម្រេចបន្ដការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិនៅតាមផ្ទះ និងកន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្នសិន។ ប៉ុន្ដែដើម្បីពង្រឹងគុណផលកីឡាករត្រៀមស៊ីហ្គេម សហព័ន្ធបានផ្ដោតសំខាន់លើការហ្វឹកហាត់ របស់កីឡាករមានសក្ដានុពលប្រមាណ ៣នាក់ ដែលត្រូវជ្រើសរើសហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វឹក ហើយអ្នកទាំង ៣នាក់នោះក៏អាចជាបេក្ខភាព ត្រូវបញ្ជូនទៅបោះជំរំហ្វឹកហាត់នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាពពួកគេត្រៀមស៊ីហ្គេម និងមានលទ្ធភាពអាចប្រកួតប្រជែងមេដាយស៊ីហ្គេមជូនជាតិផងដែរ។
គួរបញ្ជាក់ថា តាមគម្រោងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម គ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ បច្ចុប្បន្នវៀតណាមកំពុងរៀបចំផែនការពន្យាពេល ព្រឹត្តិការណ៍ប្រចាំតំបន់នេះទៅខែកក្កដា ឆ្នាំ២០២២ វិញ ហើយព័ត៌មានផ្លូវការពាក់ព័ន្ធនឹងការពន្យាពេលនេះ អាចនឹងដឹងច្បាស់ថ្ងៃនេះបន្ទាប់ពីមានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងមានការចូលរួមពីប្រទេសទាំង ១១ ដើម្បីជជែកគ្នា និងសម្រេចលើរឿងនេះ៕
អត្ថបទ៖ លី ឈុនឡា