សម្រែកយំរបស់ក្មេងស្រី Prem Kala Kami អាយុ ៨ ឆ្នាំ បានលឺនៅក្នុងភូមិមួយនៅប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ខណៈសាកសពឪពុកម្តាយនិងបងប្អូនប្រុសពីរនាក់របស់នាងគ្របដោយផ្ទាំងក្រណាត់ នៅក្បែរនាងកំពុងរង់ចាំការបូជា។

ភូមិដាច់ស្រយាល Chiuri ជាកន្លែងមួយដែលរងគ្រោះខ្លាំងបំផុត នៅពេលការរញ្ជួយដីកម្រិត ៥,៦ រិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសនេប៉ាល់កាលពីល្ងាចថ្ងៃសុក្រ។
ភូមិនេះមានលំនៅឋានប្រហែល៤០ខ្នងប៉ុណ្ណោះ ដែលពេលនេះបានបាក់រាបទៅជាគំនរបាក់បែក ឬរងការបំផ្លាញខ្លាំង ហើយពលរដ្ឋចំនួន១៣នាក់បានស្លាប់។

ភូមិ Chiuri គឺជាទីតាំងលំនៅឋានកសិកម្មនៅជ្រលងភ្នំមួយក្នុងស្រុក Jajarkot មានជនរងគ្រោះភាគច្រើនដោយសារការរញ្ជួយដី ក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ១៥៧ នាក់ដែលបានស្លាប់។
អ្នកភូមិទាំងមូលចំណាយពេលមួយយប់បន្ទាប់ពីរញ្ជួយដី បានជីករកសាកសពនិងអ្នកនៅរស់រានមានជីវិតចេញពីគំនរបាក់បែកលំនៅឋានរបស់ពួកគេ។
លោក Khumbaya Magar ភ្ញាក់ពីដំណេកដោយសាររញ្ជួយដី ហើយបានរត់ចេញពីលំនៅឋានរបស់គាត់ មុនពេលផ្លូវថ្នល់បានបាក់ ដោយគ្រាន់តែដឹងថាកូនស្រីនិងគ្រួសាររបស់គាត់ បានបាត់ខ្លួន។