ជនបរទេសជាច្រើនបាននិយាយថា ពួកគេត្រូវបានជាប់នៅច្រកឆ្លងកាត់ព្រំដែន រ៉ាហ្វា (Rafah) របស់តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យទី៥វិឆ្ឆិកា បន្ទាប់ពីការជម្លៀសត្រូវបានផ្អាក។
ប្រភពនានាពីក្រុមមន្ត្រីអេហ្ស៊ីប បាននិយាយថា ការជម្លៀសចេញពីតំបន់ហ្កាហ្សា ត្រូវបានផ្អាកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី៣វិច្ឆិកា បានប៉ះចំរថយន្តគិលានសង្រ្គោះ ក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនអ្នករបួស។

អេហ្ស៊ីប សហរដ្ឋអាមេរិក និងក្រុមមន្ត្រីកាតា បាននិយាយថា កិច្ចខិតខំប្រឹងប្រែង នៅតែបន្តក្នុងការជម្លៀសពលរដ្ឋហ្កាហ្សារងរបួស និងជនបរទេសជាច្រើន តាមច្រកព្រំដែនរ៉ាហ្វា ចូលទៅកាន់ប្រទេសអេហ្ស៊ីប ។

អ្នកកាន់លិខិតឆ្លងដែន អាល្លឺម៉ង់ លោក ម៉ាចេដ អាល់ ហ៊ូវៃហៃ(Majed al-Huwaihi) បាននិយាយថា មនុស្សជាច្រើន រួមទាំងជនជាតិអាល្លឺម៉ង់ និងអេហ្ស៊ីប បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ពួកគេជួយនាំពួកគេ រួមទាំងក្រុមគ្រួសារចាកចេញពីទីនេះ ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរជារៀងរាល់ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា។
ប្រភពពីមន្ត្រីអេហ្ស៊ីប ពីរូប បាននិយាយថា ច្រកឆ្លងកាត់ព្រំដែនរ៉ាហ្វា ចូលទៅកាន់ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប គឺជាច្រកចេញតែមួយគត់ពីតំបន់ហ្កាហ្សា ដែលមិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល ។រថយន្តដឹកជំនួយនៅតែចូលទៅក្នុងតំបន់ហ្កាហ្សា ៕