សៀមរាប ៖ ដើម្បីជាការអភិរក្ស និងបង្ហាញពីសក្ដានុពល នៃសត្វស្លាបនៅកម្ពុជា ក្រសួងបរិស្ថាន បានរៀបចំ ពិព័រណ៍សត្វកម្ពុជា លើកទី២ ក្រោមប្រធានបទ «ការមើលសត្វស្លាបផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិ» ដើម្បីផ្សព្វផ្សាយដល់យុវជនឱ្យបានយល់ដឹងពីសារសំខាន់របស់សត្វនៅកម្ពុជា។
ពិព័រណ៍សត្វកម្ពុជា ត្រូវបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នេះ នៅសួនច្បារព្រះអង្គចេក ព្រះអង្គចម ក្នុងក្រុងសៀមរាប ដែលលោក ជួប ប៉ារីស៍ អគ្គនាយកចំណេះ ដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វស្លាបជាង២០ប្រភេទ ត្រូវបានយកមក បង្ហាញ ដើម្បីផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ឱ្យបានស្គាល់ពីប្រភេទសត្វកម្រៗជាច្រើនប្រភេទ ដែល បណ្តាប្រទេសផ្សេងៗមិនមានដូចកម្ពុជា។ នេះជាការបំផុសគំនិតពួកគេឱ្យចេះស្រឡាញ់ ថែរក្សា និងការ ពារព្រៃឈើ ដែលជាជម្រករបស់សត្វគ្រប់ប្រភេទ។
លោក បានបន្ដថា ក្មេងៗជាទំពាំងស្នងឫស្សី ដូច្នេះពួកគេត្រូវស្គាល់អំពីសត្វ ដែលសត្វបក្សីខ្លះ មិន មាននៅក្រៅប្រទេសទេ មានតែនៅស្រុកខ្មែរ ដូចជា សត្វត្រកៀលទ្រូងលឿង ក្ងោកពណ៌ប្រាក់។
លោក បានបញ្ជាក់ថា សត្វស្លាបនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការកើនឡើងច្រើន ដោយសារ ប្រជាពលរដ្ឋខ្មែរមានការយល់ដឹង និងចូលរួមថែរក្សាសត្វស្លាប ព្រោះពួកគេ អាចរកចំណូលបានពីវិស័យ ទេសចរណ៍សត្វស្លាប តាមរយៈការបង្កើតសហគមន៍ទេសចរណ៍សត្វ ជាដើម។
លោក ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាប បានថ្លែងគាំទ្រ ចំពោះការផ្សព្វផ្សាយពិព័រណ៍សត្វ កម្ពុជា ព្រោះសកម្មភាពទាំងនេះ ជាការរួមចំណែកកាត់បន្ថយការ បរបាញ់ ឬសម្លាប់សត្វគ្រប់ប្រភេទ និងត្រូវ ផ្តល់សេចក្តីស្រឡាញ់ចំពោះសត្វ ដើម្បីជាផលប្រយោជន៍ដល់វិស័យទេសចរណ៍។
ក្រសួងបរិស្ថាន បានរៀបចំតាំងបង្ហាញរូបភាពសត្វស្លាបនេះ ជាលើកទី២ ដោយសត្វស្លាប ដ៏កម្រ ចំនួន២១ប្រភេទ ត្រូវបានដាក់បង្ហាញទៅដល់សាធារណជន ដើម្បីឱ្យពួកគេយល់ដឹងពីសត្វស្លាបនៅ កម្ពុជា។ ជាមួយគ្នានោះ ក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីអ្នកជំនាញសត្វស្លាបផងដែរ។ ចំណែក ការធ្វើពិព័រណ៍លលើកទី១ បានរៀបចំឡើងកាលពីខែមីនា ឆ្នាំ២០១៨ នៅបរិវេណនៃតំបន់រមណីយដ្ឋាន វប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ៕
អត្ថបទ ៖





