ឧត្តមស្នងការឥណ្ឌាប្រចាំនៅកាណាដា លោក សានចាយ គូម៉ា វឺម៉ា (Sanjay Kumar Verma) បានប្រាប់សារព័ត៌មាន GM នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ (០៤ វិច្ឆិកា) ថា ការស៊ើបអង្កេតរបស់នគរបាលកាណាដា លើករណីឃាតកម្មកាលពីខែមិថុនា លើមេដឹកនាំចលនាផ្ដាច់ខ្លួនសាសនាស៊ីក នៅខេត្តប្រ៊ីដធីស កូឡំប៊ី ត្រូវបានបំផ្លាញដោយការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មន្ត្រីជាន់ខ្ពស់កាណាដាម្នាក់។

ប្រទេសកាណាដា បានចោទប្រកាន់ថា ឥណ្ឌាមានការជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មនៅតំបន់ជាយក្រុង Vancouver របស់ពលរដ្ឋកាណាដា និងមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar ដែលឥណ្ឌាហៅថាជា «ភេរវករ» ប៉ុន្តែឥណ្ឌា បានបដិសេធការចោទប្រកាន់នេះ។

លោក Verma បានប្រាប់សារព័ត៌មាននោះថា៖ «យើងអាចនិយាយបានថា ឥឡូវនេះការស៊ើបអង្កេតរបស់កាណាដា ត្រូវបានគេបំផ្លាញរួចទៅហើយ។ តម្រុយសម្រាប់ការចោទប្រកាន់នោះ បានមកពីមនុស្សដែលមានឋានៈជាន់ខ្ពស់ម្នាក់ដោយនិយាយថាឥណ្ឌា ឬភ្នាក់ងារឥណ្ឌា នៅពីក្រោយហេតុការណ៍ឃាតកម្មនោះ»។ លោក Verma មិនបានបញ្ចេញឈ្មោះមន្ត្រីជាន់ខ្ពស់នោះទេ។
ករណីចោទប្រកាន់មួយនេះ បានបង្កជម្លោះការទូតរវាងប្រទេសទាំងពីរ។ ប្រទេសកាណាដា បានដកអ្នកការទូតចំនួន ៤១រូបចេញពីប្រទេសឥណ្ឌា បន្ទាប់ពីទីក្រុងញ៉ូវ ដែលី កាលពីខែកញ្ញា បានស្នើសុំឱ្យទីក្រុងអូតាវ៉ា កាត់បន្ថយវត្តមានការទូតរបស់ខ្លួន បន្ទាប់ពីការចោទប្រកាន់របស់ប្រទេសកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីក រូបនោះ៕