យោធាអ៊ុយក្រែននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងផលិតនាវាមួយកន្លែងនៅតំបន់គ្រីម៉េ ជាតំបន់នៅភាគខាងត្បូងប្រទេស ដែលត្រូវបានភ្ជាប់ឧបសម្ព័ន្ធជាឯកតោភាគី ដោយប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៤។

មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គមថា យន្តហោះចម្បាំងរបស់ខ្លួន បានបាញ់មីស៊ីលទៅលើទីតាំងផលិតនាវា Zaliv កាលពីថ្ងៃសៅរ៍។ លោកបាននិយាយបង្ហើបថា ពួកគេប្រើប្រាស់មីស៊ីលស៊ីបគោលដៅ SCALP ដែលផ្តល់ដោយប្រទេសបារាំង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យបានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសនេះដែលបាននិយាយថា មីស៊ីលស៊ីបគោលដៅចំនួន១៥គ្រាប់ ត្រូវបានបាញ់ទៅលើទីតាំងផលិតនាវា ហើយ ១៣គ្រាប់ត្រូវបានស្ទាក់ចាប់ ដែលបណ្តាលឱ្យនាវាមួយគ្រឿងប៉ុណ្ណោះរងការខូចខាត។
ភាគីអ៊ុយក្រែន បាននិយាយថា នាវាទំនើបបំផុតរបស់រុស្ស៊ី ជានាវាផ្ទុកមីស៊ីលស៊ីបគោលដៅ Kalibr បានបោះយុថ្កានៅទីតាំងផលិតនាវា ប៉ុន្តែពុំបានប្រាប់ពីឈ្មោះនាវាដែលរងការខូចខាតនោះទេ។
កាលពីពេលថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារលើមូលដ្ឋានយោធារុស្ស៊ីនៅតំបន់គ្រីម៉េ។ ពួកគេបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវានៅសមុទ្រខ្មៅ ក្នុងទីក្រុងកំពង់ផែកងទ័ពជើងទឹក Sevastopol កាលពីខែកញ្ញា។