បាល់ទាត់៖ ក្រុមជើងឯកពិភពលោកឆ្នាំ២០១៨ បារាំងបានយកឈ្នះប៊ុលហ្ការី ៣-០ ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំចុងក្រោយ មុនឆ្ពោះទៅការប្រកួតជើងឯកទ្វីបអឺរ៉ុប Euro ២០២០។ បារាំងបានដាក់កីឡាករសំខាន់ចូលលេងក្នុងជំនួបមិត្តភាពនេះ ដោយរួមមានខ្សែប្រយុទ្ធជួរមុខទាំងបី Kylian Mbappe, Karim Benzeman និង Antoine Griezmann។
ខ្សែប្រយុទ្ធ Barcelona, Antoine Griezmann ជាអ្នកបើកការនាំមុខមុនដោយប្រើបច្ចេកទេស Bicycle Kick អោយបារាំងនាំមុខមុនក្នុងវគ្គទី១ នាទីទី២៩។ ការប្រកួតជិតនឹងចប់ទៅហើយខ្សែប្រយុទ្ធដែលទើបជួយ Chelsea លើកពាន UEFA Champions League, Olivier Giroud បានងើបពីកៅអីបម្រុងផ្លាស់ប្ដូរចូលក៏រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៨៣ និង ៩០។ នេះជាការត្រៀមខ្លួនបានយ៉ាងល្អសំរាប់ក្រុមបារាំងមុនទៅ Euro ដោយបានយកឈ្នះក្នុងជំនួបមិត្តភាពទាំងពីររបស់ខ្លួន ពោលគឺឈ្នះវែល ៣-០ និងឈ្នះប៊ុលហ្ការី ៣-០។ បារាំងស្ថិតក្នុងពូល F ដោយនឹងត្រូវជួបជាមួយអាល្លឺម៉ង់នៅថ្ងៃទី១៥ ខែមិថុនានេះ មុនបន្តជួបជាមួយហុងគ្រី និងចុងក្រោយជួបព័រទុយងហ្កាល់។
លទ្ធផលប្រកួតមិត្តភាពផ្សេងទៀត ក្រុមអេស្ប៉ាញជួបជាមួយលីទុយអានី ខណៈអេស្ប៉ាញប្រើប្រាស់កីឡាករយុវជនអាយុក្រោម ២១ឆ្នាំយកឈ្នះលីទុយអានី ៤-០។ ក្រុមធំអេស្ប៉ាញបានលុបចោលជំនួបមិត្តភាពនេះ បន្ទាប់ពីប្រធានក្រុម Sergio Busquet តេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃអាទិត្យ ហើយកីឡាករក្នុងក្រុមផ្សេងទៀតត្រូវហ្វឹកហាត់នៅដាច់ដោយឡែក៕
អត្ថបទ៖នាង សុភាវុធ