ភ្នំពេញ៖ រដ្ឋសភាជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី ៦ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានរៀបចំសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
សិក្ខាសលានេះ បានប្រារព្ធធ្វើក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង លោក លោកស្រី ជាតំណាងអង្គការ និងក្រសួងពាក់ព័ន្ធអញ្ជើញចូលរួម នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សិក្ខាសាលានេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងជូន សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងសាធារណជនឱ្យយល់ជ្រួតជ្រាបពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
សូមជម្រាបថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជាមិនបានបង្អន់កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តការកែទម្រង់សំខាន់ៗនោះទេ ជាពិសេស ការអនុវត្តនឹងសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សំដៅជំរុញកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដោះស្រាយជាបន្តបន្ទាប់នូវបញ្ហាប្រឈមសំខាន់ៗ ដែលបណ្តាវិនិយោគិននិងធុរជនបានជួបប្រទះក្នុងគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងវិនិយោគ៕





