ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លូវ ឈីនជៀន (Lou Quinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ។

ការបញ្ជាក់បែបនេះរបស់ភាគីទាំងពីធ្វើឡើងក្នុងឱកាស ឯកឧត្តម លូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។


សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម លូវ ឈីនជៀន និងសហការី នៅកម្ពុជា។
ក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកគំាទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។

នាឱកាសនោះដែរ ឯកឧត្តម លូវ ឈីនជៀន បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យបានកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិង ឯកឧត្តម ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទំាងប្រទេស នាពេលកន្លងមក។


ជាចុងបញ្ចប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបាននិងតែងតែយកចិត្តទុកដាក់ ថែទំាព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងហ្លួងម៉ែ ថ្វាយជូនសម្តេចទំាងទ្វេរ ដើម្បីគង់ជាម្លប់ដល់កូនចៅរបស់ព្រះអង្គនៅទូទំាងប្រទេស៕