ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃច័ន្ទ (០៦ វិច្ឆិកា) នេះថា មនុស្ស៥នាក់ រួមទាំងកុមារពីរនាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងទីប្រជុំជនទេសចរណ៍ដ៏ពេញនិយមមួយក្នុងតំបន់ជនបទនៃប្រទេសអូស្ត្រាលី បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សនៅសួនច្បារមុខហាងស្រាមួយកន្លែង។

ស្នងការនគរបាល លោក Shane Patton បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា រថយន្ត SUV មួយគ្រឿងនោះ បានបើកលើឃឿនផ្លូវ ហើយបន្ទាប់មកបានបើកឆ្លងកាត់តំបន់ស្មៅនៅខាងក្រៅសណ្ឋាគារ រ៉ូយ៉ាល់ ដេឡេសហ្វដ (Royal Daylesford) ទៅបុកនឹងហ្វូងមនុស្សនៅទីនោះ។

នគរបាលមិនបានបញ្ជាក់ថា តើជនរងគ្រោះជាសាច់ញាតិនឹងគ្នា ឬមិនមែននោះទេ ហើយក៏មិនបានបញ្ជាក់ថា ការបើកបរហួសល្បឿនកំណត់ ជាមូលហេតុពីក្រោយគ្រោះថ្នាក់នេះ ឬយ៉ាងណានោះដែរ ប៉ុន្តែបាននិយាយថា អ្នកស្លាប់មិនមែនជាអ្នកស្រុកនោះទេ។ ជនរងគ្រោះទាំងអស់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណជាផ្លូវការនៅឡើយទេ ហើយនគរបាលបាននិយាយថា ស្ថានភាពពិតប្រាកដនៃគ្រោះថ្នាក់នេះក៏មិនទាន់ត្រូវបានកំណត់នៅឡើយដែរ។
អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះមានឈ្មោះ ចន វ័យ ៦៦ឆ្នាំ បានរងរបួសធ្ងន់ ប៉ុន្តែមិនគំរាមកំហែងអាយុជីវិតទេ។ អ្នកបើកបររូបនោះត្រូវបានធ្វើតេស្តគ្រឿងស្រវឹង ប៉ុន្តែមិនមានជាតិអាល់កុលនៅក្នុងខ្លួនឡើយ ហើយនគរបាលបាននិយាយថា ពួកគេគ្រោងនឹងធ្វើការសាកសួរបុរសរូបនោះនៅល្ងាចថ្ងៃច័ន្ទនេះ ពេលដែលលោកចេញពីមន្ទីរពេទ្យ៕