ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃច័ន្ទ (០៦ វិច្ឆិកា) នេះថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមពិគ្រោះយោបល់កម្រិតខ្ពស់មួយស្តីពីការប្រឆាំងនឹងសកម្មភាពអ៊ីនធឺណិតរបស់កូរ៉េខាងជើង ដែលពួកគេនិយាយថាផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធខុសច្បាប់របស់ខ្លួន។

លោកស្រី អាននី ណឺប៊ឺហ្គឺរ (Anne Neuberger) ដែលជាទីប្រឹក្សារងនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក សម្រាប់បច្ចេកវិទ្យាអ៊ីនធឺណិត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន របស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ការិយាល័យប្រធានាធិបតីរបស់កូរ៉េខាងត្បូង បាននិយាយថា ពួកគេបានយល់ព្រមរៀបចំកិច្ចប្រជុំប្រចាំត្រីមាសក្រោមក្របខណ្ឌថ្មីនេះ។

ការប្រកាសនេះធ្វើឡើង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបីបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលកាលពីខែសីហានៅឯវិមានសម្រាកលំហែសម្រាប់ប្រធានាធិបតីអាមេរិក Camp David ថា ពួកគេនឹងបង្កើតក្រុមការងារត្រីភាគីថ្មីមួយសម្រាប់ការគំរាមកំហែងតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង។
ក្រុមឃ្លាំមើលការដាក់ទណ្ឌកម្ម បានចោទប្រកាន់ប្រទេសកូរ៉េខាងជើង ថាបានប្រើប្រាស់ការវាយប្រហារតាមអ៊ីនធឺណិតដើម្បីប្រមូលមូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ហើយរបាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយថា កូរ៉េខាងជើង បានបង្កើនការលួចរបិយប័ណ្ណគ្រីបតូឌីជីថលរបស់ខ្លួនកាលពីឆ្នាំមុន ដោយប្រើបច្ចេកទេសទំនើបក្នុងការលួចនៅឆ្នាំ២០២២ ច្រើនជាងឆ្នាំណាៗទាំងអស់៕