មន្ត្រីក្នុងតំបន់បានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីនហួ តាមទូរស័ព្ទថា មនុស្សយ៉ាងហោចណាស់៤ នាក់បានស្លាប់ និងជាង២០ នាក់ បានរងរបួស នៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចេញពីលើស្ពានក្នុងរដ្ឋ Rajasthan ភាគពាយ័ព្យប្រទេសឥណ្ឌា នៅព្រឹកថ្ងៃចន្ទ នេះ ។

គ្រោះថ្នាក់រថយន្តក្រុងនេះបានកើតឡើងនៅក្នុងសង្កាត់ Dausa នៃរដ្ឋ Rajasthan ។ រថយន្តក្រុងឯកជនដែលជួបឧបទ្ទវហេតុកំពុងធ្វើដំណើរពីតំបន់ Haridwar ក្នុងរដ្ឋ Uttar Pradesh ទៅកាន់រដ្ឋធានី Jaipur នៃរដ្ឋ Rajasthan ។ មន្ត្រីនិយាយថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយរថយន្តក្រុងបានធ្លាក់ចេញពីលើស្ពានទៅលើផ្លូវរថភ្លើង។

យោងតាមមន្ត្រីបានឲ្យដឹងថា អ្នករងរបួសជាង ២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ពីកន្លែងដែលមនុស្សយ៉ាងហោចណាស់៥នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង Jaipur ។
មន្ត្រីអយស្ម័យយានឥណ្ឌាបាននិយាយថា ជាលទ្ធផលនៃឧបទ្ទវហេតុនេះ សកម្មភាពរថភ្លើងដែលបម្រើសេវាកម្មរវាងទីក្រុង Jaipur និង Delhi ត្រូវបានរងផលប៉ះពាល់ខ្លាំង។ លោកបាននិយាយថា ការខិតខំប្រឹងប្រែងបានបន្តដើម្បីសម្អាតផ្លូវរថភ្លើង។