ចិន ៖ អាកាសធាតុត្រជាក់ខ្លាំងមិនត្រូវរដូវកាល និងព្យុះព្រិល បានវាយប្រហារភាគឦសានប្រទេសចិន នៅថ្ងៃច័ន្ទ (០៦ វិច្ឆិកា) នេះ ដោយបង្ខំឱ្យជើងហោះហើររាប់រយជើងត្រូវកំណត់កាលវិភាគឡើងវិញ និងបិទសាលារៀន ខណៈទីក្រុងជាច្រើនបានចេញការជូនដំណឹងអំពីបញ្ហាអាកាសធាតុកាន់តែធ្ងន់ធ្ងរ ហើយបានព្រមានប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះ។
គិតត្រឹមម៉ោង ១០:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ជើងហោះហើរចំនួន ៤០៥ជើង ត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ ហាពីន តៃភីង (Harbin Taiping) ក្នុងរដ្ឋធានីនៃខេត្ត ហ៊ីឡុងជាំង (Heilongjiang) ដែលជាខេត្តចុងឧត្តររបស់ប្រទេស នេះបើយោងតាមទិន្នន័យពីកម្មវិធីតាមដានជើងហោះហើរ Flight Master ។
យោងតាមគណនី WeChat ផ្លូវការរបស់រដ្ឋាភិបាលចិន បានឱ្យដឹងថា ផ្នែកភាគច្រើននៃទីក្រុង ហាពីន បានផ្អាកសាលាបឋមសិក្សា និងអនុវិទ្យាល័យ សាលាមត្តេយ្យ និងគ្រឹះស្ថានបណ្តុះបណ្តាលក្រៅបរិវេណសាលា ដោយសារតែព្រិល និងសីតុណ្ហភាពត្រជាក់ខ្លាំងបានវាយប្រហារក្នុងតំបន់។
រដ្ឋបាលឧតុនិយមកណ្តាលចិនបាននិយាយថា នៅសប្តាហ៍នេះ តំបន់ជាច្រើននៅភាគឦសាន នៃប្រទេស ត្រូវបានគេរំពឹងថានឹងមើលឃើញសីតុណ្ហភាពធ្លាក់ចុះដល់តួលេខមួយខ្ទង់ ឬទាបជាងសូន្យ ខណៈខ្យល់ត្រជាក់ផ្លាស់ទីទៅទិសខាងកើត និងខាងត្បូង នៅក្នុងប្រទេសចិន៕

