ស៊ូដង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Sky News Arabia បានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដោយសារការទម្លាក់គ្រាប់បែកនៅទីផ្សារមួយកន្លែងក្នុងទីក្រុង Omdurman ភាគខាងជើងរដ្ឋធានី Khartoum ប្រទេសស៊ូដង់ បានកើនឡើងដល់៣៤នាក់។
អាជីវករ និងម្ចាស់ហាងទំនិញ ភាគច្រើនបានក្លាយជាជនរងគ្រោះ ក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។
ទីក្រុង Omdurman បានក្លាយជាទីតាំងនៃការប្រយុទ្ធគ្នាខ្លាំងដដែលៗ រវាងភាគីទាំងពីរ។
យោងតាមសាក្សីបានឲ្យដឹងថា ទោះបីជាការប្រយុទ្ធគ្នាភាគច្រើនកាលពីលើកមុន មានតែនៅរដ្ឋធានីនេះ និងតំបន់ Darfur ខាងលិច វាក៏បានរាលដាលដល់តំបន់នានា នៅភាគខាងត្បូងទីក្រុង Khartoum ។
យោងតាមការប៉ាន់ប្រមាណដោយអង្គការគម្រោងព្រឹត្តិការណ៍ទិន្ន័យ និងជម្លោះប្រដាប់អាវុធ បានឲ្យដឹងថា មនុស្សជាង១០.០០០នាក់ បានស្លាប់នៅក្នុងជម្លោះរហូតមកដល់ពេលនេះ។

